តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានឲ្យដឹងថា ប្រទេសនេះមានភាពម៉ឺងម៉ាត់ នៅក្នុងការចរចា ដោយប្រយោល របស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ហើយមិនចង់បានការពន្យារពេល ក្នុងដំណើរការការ ទូតទៀតនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
លោក Gharibabadi បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយជាមួយ សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាក្នុងទីក្រុងតេអេរ៉ង់ ។ លោក Gharibabadi បានលើកឡើងថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងកិច្ចចរចា ដោយប្រយោលលើកទីពីរ របស់ពួកគេនៅក្នុង រដ្ឋធានីរ៉ូមរបស់អ៊ីតាលី កាលពីថ្ងៃសៅរ៍ បានពិភាក្សា និងយល់ព្រមលើ “ក្របខ័ណ្ឌទាំងមូល របៀបវារៈ និងកិច្ចពិភាក្សាបច្ចេកទេស (ជាបន្តបន្ទាប់)” ។
យោងតាមអ្នកនាំពាក្យគណៈកម្មការលោក Ebrahim Rezaei អនុរដ្ឋមន្រ្តីក្រសួងការបរទេស បានសង្កត់ធ្ងន់ថា “ទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ គួរតែត្រូវបានដកចេញ តាមរបៀបដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជនអ៊ីរ៉ង់ ខាងសេដ្ឋកិច្ច” ខណៈពេលដែលសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ នឹងមិនចរចាអំពីសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដែលលោកបានបញ្ជាក់ថា “ស្ថិតក្នុងចំណោម បន្ទាត់ក្រហមនោះទេ” ។
គួរបញ្ជាក់ថា កិច្ចពិភាក្សានៅទីក្រុងរ៉ូម និងជុំមុននៃអ៊ីរ៉ង់-អាមេរិក។ កិច្ចសន្ទនាដែលបានធ្វើឡើង នៅរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ កាលពីថ្ងៃទី១២ ខែមេសា បានផ្តោតលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន។
កិច្ចពិភាក្សាដែលត្រូវបានសាទរដោយភាគីទាំងសងខាងថា “មានលក្ខណៈស្ថាបនា” បានធ្វើតាមការគម្រាម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើប្រទេសមជ្ឈិមបូព៌ា មិនទទួលយកសំណើ របស់លោក សម្រាប់កិច្ចពិភាក្សា ដែលមានចែងនៅក្នុងលិខិតមួយ ផ្ញើទៅកាន់ថ្នាក់ដឹក នាំអ៊ីរ៉ង់នៅដើមខែមីនា ៕
ប្រែសម្រួល ឈូក បូរ៉ា
