កំពង់ចាម ៖ ខណ:ជួបសំណេះ សំណាលសួរសុខទុក្ខ និងអប់រំអនាម័យសុខភាព ទៅដល់ប្រជាពលរដ្ឋមកពីប្រទេសថៃ ប្រមាណជាង ២០០នាក់ នៅបរិវេណវត្តវិហារធំ ឃុំវិហារធំ ស្រុកកំពង់សៀម នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០នេះ លោក ស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានណែនាំឱ្យពលករទាំងអស់ សិក្សាជំនាញខ្លះ ដើម្បីទុកប្រគាប់ការងារចិញ្ចឹមជីវិត ។
ស្ថិតក្នុងឱកាសនោះ លោកស្រីអភិបាល រងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ ប្រជាពលរដ្ឋទាំង២០៨នាក់ ជាពិ សេស បងប្អូនចំណូលស្រុក ទាំងអស់ដែលបានវិលមកពីប្រទេសថៃ ហើយបានអនុវត្តទៅតាមការណែនាំ របស់រាជារដ្ឋាភិបាល តាមរយៈ ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន នាពេលកន្លងមកនោះ ។
លោកស្រី អភិបាលរងខេត្ត ក៏បានធ្វើការពន្យល់អំពីសុវត្ថិភាព នៃការធ្វើចំណាក់ស្រុក ដោយកបញ្ជាក់ថា ការធ្វើចំណាក ស្រុកដោយស្របច្បាប់ គឺនាំមកនូវសុវត្ថិ ភាព ចំពោះខ្លួនឯងផ្ទាល់ ជាពិសេស កាត់បន្ថយនូវហានិភ័យផ្សេងៗ ដូចជា ការរំលោភបំពាន ទៅនឹងកម្លាំងពលកម្ម ផ្លូវភេទ និងការជួញដូរមនុស្ស ជាដើម ។
ដូច្នេះហើយ ពេលត្រឡប់ទៅវិញ បងប្អូនត្រូវស្វែងយល់ អំពីឯកសារផ្លូវច្បាប់ ឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេស ម្នាក់ៗត្រូវមានឯកសារនៅជាប់ខ្លួន និងទុកដាក់នៅអាជ្ញាធរមូលដ្ឋាន ដើម្បី ពួក គាត់ មានមូលដ្ឋានក្នុងការជួយដោះស្រាយ នៅពេលដែលយើងទៅប្ដឹង។ ក្រៅពីនោះ បើទោះបីជា បងប្អូន ចង់វិលទៅធ្វើការងារ នៅក្រៅស្រុក និងនៅក្នុងស្រុកក្ដី គឺទាមទារឲ្យបងប្អូន ត្រួវមានមុខជំនាញ និងអាជីពច្បាស់លាស់ផងដែរ។
លោកស្រីបន្តថា បច្ចុប្បន្ន ក្នុងការផ្ដល់នូវជំនាញវិជ្ជាជីវៈនេះ នៅថ្នាក់ខេត្តយើង មានវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការបណ្ដុះបណ្ដាលជំនាញ សំខាន់ៗចំនួន ៤ គឺ ជាងអគ្គិសនី ជាងជួសជុល ជាងផ្សាដែក និងសេវាបដិសណ្ឋាកិច្ច ។ ដែលមានលទ្ធភាព អាចផ្ដល់ការបណ្ដុះ បណ្ដាលដល់បងប្អូន ករណីមិនសម្រេច ចិត្តវិលត្រឡប់ទៅធ្វើការ នៅក្រៅប្រទេសវិញនោះ៕