ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញក្តីសង្ឃមឹថា ទៅថ្ងៃក្រោយ ឧស្សាហកម្មយានយន្ត នឹងអាចបង្កើតការផលិតធាតុផ្គុំ នៅក្នុងប្រទេស ឱ្យបានកាន់តែច្រើន តាមរយៈការធ្វើការសហការចាប់ដៃគូ ជាមួយក្រុមហ៊ុន ក្នុងស្រុកដែលមានស្រាប់ ។
ការបង្ហាញក្តីសង្ឃឹមរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីខ្សែសង្វាក់ ផលិតកម្មយានយន្តនៅកម្ពុជា កាន់តែរីកចម្រើន តួរយ៉ាង ក្រុមហ៊ុនផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia បានឈានដល់ដំណាក់ កាលមួយបញ្ជាក់ថា គ្រប់រថយន្ត Ford ត្រូវបានវាយសញ្ញា បញ្ជាក់ថា Made In Cambodia (ផលិតនៅកម្ពុជា) ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ ដល់ដំណើរការ នៃការផលិតរថយន្តនៅកម្ពុជាថា បានប្រើប្រាស់គ្រឿង បង្គុំមួយចំនួន ដែលផលិត នៅក្នុងស្រុករួចហើយ ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏ជួយជំរុញឱ្យមានការ ផលិតគ្រឿង បង្គុំឱ្យបានច្រើនមុខទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ឥឡូវនេះរាជរដ្ឋាភិបាល កំពុងតែដាក់ទិសដៅរៀបចំគោលនយោបាយ ដើម្បីលើកទឹកចិត្តអ្នក ដែលមកផលិតគ្រឿងបង្គំ ឱ្យបានច្រើននៅកម្ពុជា កម្ពុជា មិនមែនគ្រាន់តែជាប្រទេស នៃការប្រមូលធាតុ ផ្គុំផលិតនៅក្រៅ យកមកផ្គុំនាំចេញទេ ប៉ុន្តែផលិតឱ្យបានកាន់តែច្រើន ជាអតិបរមានៅកម្ពុជា នេះគឺជាគោលដៅដែលយើងដាក់ចេញ ហើយនឹងសង្ឃឹមថា យើងនឹងបន្តទៅទៀត បច្ចុប្បន្ននេះយើងឃើញមានហើយ ឧទាហរណ៍ជាក់ស្ដែងក្រុមហ៊ុន Ford នេះដែលដំបូងចាប់ផ្ដើម ពីយក (គ្រឿងបង្គំ)ទាំងអស់ពីក្រៅ ឥឡូវយើងចាប់ផ្តើមផលិត នៅក្នុងមួយចំនួន”។
ក្នុងនោះសម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា គោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា បានគិតគូរ ប្រសិនបើឱ្យ ក្រុមហ៊ុនរថយន្ត ទទួលបានការ លើកទឹកចិត្ត និងការអនុគ្រោះក្នុងកម្រិតណាមួយ ដើម្បីជួយជំរុញ ដល់ខ្សែសង្វាក់ផលិតកម្ម តាមគោលដៅ ឱ្យមានការផលិតភាគច្រើននៅក្នុងស្រុក ក្នុងការធានាដល់ការធ្វើពិពិតកម្ម នៃការធ្វើផលិតកម្ម និងអាចឱ្យកម្ពុជា មានភាពធន់ ក្នុងន័យអាចឱ្យ កម្ពុជា មានលទ្ធភាព ផ្គត់ផ្គង់ឱ្យបានច្រើន ជាងការនាំចូល ខណៈដែលការនាំ ចូលអាចបង្កជាបញ្ហារាំងស្ទះ ប្រសិនបើមានឧបស្គ័គ្គអ្វីមួយ កើតឡើងក្នុងប្រទេសផ្គត់ផ្គង់ទាំងនោះ ។
សួមជម្រាបជូនថា ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល ៣៣ ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២ ។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗ លើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ ក្រុមហ៊ុនមានបុគ្គលិក សរុបជាង៤,០០០ នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញ បច្ចេកទេសមានចំនួន ២,៣០៣ នាក់ ៕
