ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានជំងឺរ៉ាំរ៉ៃ ឬពុំមានលទ្ធភាព មកទទួលសេវាសុខភាព។
នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីក្នុងកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នារសៀលថ្ងៃ២១ មេសា ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកអំពីសមិទ្ធផលក្នុងត្រីមាសទី១ក្នុងឆ្នាំថ្មីនេះថា វិស័យសុខាភិបាល មានការឈានឆ្ពោះកាន់តែល្អប្រសើរ ដែលក្នុងនោះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវបន្តពង្រឹងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យកាន់តែមានការរឹងមាំ និងគត់មុតសម្រាប់កម្រិតថ្នាក់ជាតិ និងកម្រិតអន្តរជាតិទៅថ្ងៃខាងមុខ។

ទន្ទឹមនឹងនេះផងដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និង ការណែនាំ នូវចំណុចសំខាន់ៗរួមមាន៖ ១) ខិតខំបង្កើនស្មារតី ក្នុងការបំពេញការងារ ប្រកបដោយនវានុវត្តន៍ , ២) ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវា ការផ្តល់ជូនឱសថព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព នូវជំងឺមិនឆ្លង (ជំងឺលើឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក) និងតាមដានជំងឺឆ្លង (ជំងឺកញ្ច្រឹលជាដើម) ដែលស្របតាមយន្តការរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង៣) បណ្តាអង្គភាពក្រោមក្រសួងសុខាភិបាល ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នបញ្ហាគ្រោះធម្មជាតិជាយថាហេតុ និងការងារជួយ សង្គ្រោះភ្លាមៗ តាមតម្រូវការជាក់ស្តែង ៕








