ភ្នំពេញ ៖ ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាង ក្តៅគគុក បើទោះបីជាសមត្ថកិច្ចជាប់មមាញឹក នៅក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួល ដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្ត សប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ ។
ជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ មានក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះបើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មីរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើង ឥតស្រាកស្រាន្ត ដោយចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណី ក្មេងទំនើងជិត១០ករណី និងឃាត់ខ្លួនយុវជនជិត២០។
ជុំវិញករណីក្មេងទំនើងនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នេះគឺជាការបង្ហាញឱ្យឃើញ អំពីការទទួលខុសត្រូវ របស់កងកម្លាំងមានសមត្ថកិច្ច ហើយក៏ជាការបង្ហាញថា ករណីក្មេងទំនើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីជាកើតមានក៏ពិតមែន ក៏ប៉ុន្តែជាចំនួនមួយដ៏តិចតួចបំផុត ស្ទើរតែតិចជាងថ្ងៃធម្មតាទៅទៀត និងក៏ជាការបញ្ជាក់អំពីការយល់ដឹង របស់យុវជនមួយចំនួន និងការអនុវត្តយ៉ាងសកម្មរបស់សមត្ថកិច្ច ។
យ៉ាងណាមិញអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ក្រុមក្មេងទំនើងដែលឧស្សាហ៍ធ្វើសកម្មភាព គ្រប់ទីកន្លែង ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សូមកែប្រែឥរិយាបទសារជាថ្មីព្រោះសមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីនេះ ដោយមិនដកដៃឡើយ ស្របតាមគោលការណ៍បញ្ជាណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសដោយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕
