ព័ត៌មានជាតិ

លទ្ធផលកិច្ចប្រជុំរបស់ គ.ជ.ប លើការពិនិត្យវីដេអូអប់រំ សម្រាប់ផ្សព្វផ្សាយ ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

ភ្នំពេញ៖ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងវីដេអូអប់រំដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយក្នុងដំណាក់កាល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ក្រោយពីបានស្តាប់របាយការណ៍ របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ រួចហើយ អង្គប្រជុំ គ.ជ.ប បានកែសម្រួលខ្លឹមសារនៃកំណត់ហេតុ លើចំណុចមួយចំនួន បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានឯកភាព ដូចខាងក្រោម៖
ក. របៀបវារៈទី១៖ បានសម្រេចឱ្យកែសម្រួលឡើងវិញនូវកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
ខ. របៀបវារៈទី២៖ បានពិនិត្យមើល និងកែសម្រួលវីដេអូអប់រំចំនួន ៥ប្រភេទ ហើយបានសម្រេចលើវីដេអូអប់រំទាំងនោះដើម្បីផ្សព្វផ្សាយ រួមមាន៖
១.វីដេអូខ្នាតវែងមានរយៈពេល ៤៧នាទី និង២០វិនាទី៖ ស្តីពីនីតិវិធីនៃការពិនិត្យបញ្ជី-ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
២. ស្ប៉ុតវីដេអូអប់រំចំនួន ៣ ដែលមានចំណងជើងដូចខាងក្រោម៖

-“អាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសពីឃុំ សង្កាត់ដែលសុំចុះឈ្មោះបោះឆ្នោត” មានរយៈពេល ៣នាទី និង៤០វិនាទី
-“គ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចុះឈ្មោះបោះឆ្នោតបាន ឬអត់?” មានរយៈពេល ៤នាទី និង១០វិនាទី។
-“ខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង” មានរយៈពេល ៣នាទី និង៣២វិនាទី។

៣. វីដេអូអប់រំឌុកទ័រវ៉ូត (Dr.Vote) ខ្នាតវែងមានរយៈពេល ១២នាទី និង១៧វិនាទី។
៤. ស្ប៉ុតវីដេអូអប់រំបែបគំនូរជីវចលចំនួន ៣ វីដេអូ ដែលមានចំណងជើងរឿងថា៖
-“ខ្ញុំសុំលុបឈ្មោះសាច់ញាតិដែលទទួលមរណភាព” មានរយៈពេល ៣នាទី និង២៥វិនាទី
-“ខ្ញុំទើបផ្លាស់មករស់នៅក្នុងឃុំនេះ” មានរយៈពេល ៣នាទី និង១៨វិនាទី
-“ប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោត” មានរយៈពេល ៣នាទី និង២៣វិនាទី។

៥.វីដេអូចម្រៀងកាយវិការចំនួន ៣ បទ ដែលមានចំណងជើងដូចខាងក្រោម៖
-“បើខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើយ៉ាងណា?” មានរយៈពេល
៣នាទី និង២៤វិនាទី
-“សុំធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤” មានរយៈពេល ៤នាទី និង១៧វិនាទី
-”សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង” មានរយៈពេល ៣នាទី និង៨វិនាទី។

គ.របៀបវារៈផ្សេងៗ៖ អង្គប្រជុំ គ.ជ.ប បានលើកឡើងសុំឱ្យអង្គភាពជំនាញ ផលិតស្ប៉ុតវីដេអូលើកក្រោយ​ គួរមានភាសាសញ្ញាជាកាយវិការ សម្រាប់ជនដែលមានពិការភាព និងគួរមានឡើងអក្សរជាភាសារអង់គ្លេស នៅខាងក្រោម (English Subtitle)។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ បានណែនាំឱ្យអគ្គលេខាធិការ គ.ជ.ប ពិនិត្យឡើងវិញនូវលក្ខខណ្ឌ នៃការជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីដាក់បញ្ចូលក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការងារជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាលើកក្រោយ។
អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១: ៥០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

To Top