ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនង កម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសទទួលស្វាគមន៍ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រី នាយករដ្ឋមន្រ្តី បានជម្រាបជូន សម្តេចតេជោ អំពីលទ្ធផល នៃកិច្ចពិភាក្សាជាមួយ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តខិតខំធ្វើការជាមួយគ្នាក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ លោកស្រី នាយករដ្ឋមន្រ្តី បានលើកឡើងបន្ថែមផងដែរថា លោកស្រី និងសម្តេចធិបតី មិនត្រឹមតែមានឪពុកជានាយករដ្ឋមន្រ្តី ដែលជាអ្នកពូកែ និងផ្តល់បទពិសោធន៍ល្អៗប៉ុណ្ណោះទេ ថែមទាំងរាប់អានគ្នាជាបងប្អូនល្អទៀត ដែលការណ៍នេះបានញុំាងឱ្យកិច្ចពិភាក្សាគ្នាកាន់តែមានលក្ខណៈងាយស្រួល។

ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងពីរ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានា ដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។

បន្ថែមពីលើនេះ សម្តេចតេជោ បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត។

សម្តេចតេជោ ក៏សម្តែងនូវភាពរីករាយដោយបានកត់សម្គាល់ឃើញប្រទេសទាំងពីរមានការផ្សាភ្ជាប់គ្នាល្អ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។

សម្តេចតេជោ បានជម្រាបជូនអំពីមូលដ្ឋាននៃការផ្ទេរអំណាចរបស់ សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលជាគិតគូរវែងឆ្ងាយអំពីការអភិវឌ្ឍ និងអនាគតរបស់កម្ពុជា ដោយធៀបទៅនឹងប្រទេសផ្សេងៗ ដែលតែងសង្កេតឃើញមានអស្ថិរភាព និងជម្លោះនៅពេលមានការផ្លាស់ប្តូរអំណាច៕

To Top