បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Kelly Ortberg បាននិយាយកាលពីថ្ងៃពុធថា លោកមិនរំពឹងថាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន នឹងរារាំងការងើបឡើងវិញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះទេ ហើយក៏មិនរារាំងវាពីការឈានដល់គោលដៅដឹកជញ្ជូនយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន ដែលពេលនេះបានបដិសេធទទួលយកយន្តហោះ Boeing ដែរ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅលើស្ថានីយទូរទស្សន៍ CNBC លោក Ortberg បាននិយាយថា Boeing មានយន្តហោះដឹកអ្នកដំណើរចំនួនបីគ្រឿងនៅក្នុងប្រទេសចិនដែលត្រៀមរួចជាស្រេចសម្រាប់ការដឹកជញ្ជូន ប៉ុន្តែបាននាំយកយន្តហោះពីរគ្រឿងត្រឡប់ទៅទីក្រុង Seattle វិញមកទល់ពេលនេះ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍ចិនដែលបានបញ្ជាទិញឱ្យយន្តហោះទាំងនោះ “ឈប់ទទួលយកយន្តហោះដោយសារតែបរិយាកាសពន្ធគយ” ។
ទីក្រុងប៉េកាំងបានដំឡើងពន្ធនាំចូលរបស់ខ្លួនលើទំនិញអាមេរិកដល់ 125% ក្នុងខែនេះ ជាការសងសឹកចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ដែលដំឡើងពន្ធលើផលិតផលដែលផលិតនៅក្នុងប្រទេសចិនដល់ 145% ។ ពន្ធរបស់ចិននឹងកើនឡើងទ្វេដងនៃថ្លៃយន្តហោះដឹកអ្នកដំណើរ ដែលក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុននាំចេញធំបំផុតរបស់សហរដ្ឋអាមេរិក លក់ក្នុងតម្លៃរាប់សិបលានដុល្លារ។
ខណៈពេលដែលក្រុមហ៊ុនបានគ្រោងនឹងបញ្ចប់ការបញ្ជាទិញយន្តហោះចំនួន ៥០គ្រឿង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិននៅឆ្នាំនេះ, លោក Ortberg បាននិយាយថា Boeing កំពុង “វាយតម្លៃយ៉ាងសកម្ម” ជម្រើសសម្រាប់ការបង្វែរយន្តហោះទាំងនោះទៅកាន់អ្នកទិញដែលចាប់អារម្មណ៍ផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា
