ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់ថ្ងៃ២៤ មេសានេះ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេ នៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្នពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួន នាពេលឆាប់ៗខាងមុខ។

លោកបន្តថា ក្រៅពីការងារអ៊ុតកៅស៊ូ ក៏នៅមានការងារបន្ទាប់បន្សំមួយចំនួនដូចជា៖ ការងារបង្កាន់ដៃ, របារសុវត្ថិភាព,គំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍,ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។

លោកថា តាមគម្រោង នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

គួរបញ្ជាក់ថា ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ រហូតមកដល់ថ្ងៃ២៤ មេសានេះ ៕



