គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform របស់រដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ទីក្រុងគៀវបានត្រៀមលក្ខណៈ ដើម្បីចូលរួមកិច្ចពិភាក្សាក្នុងទម្រង់ណាមួយ នៅពេលដែលបទឈប់បាញ់ដ៏មានសក្តានុពលជាមួយរុស្ស៊ីត្រូវបានបង្កើតឡើង ។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី បានប្រាប់សន្និសីទ សារព័ត៌មាននៅទីក្រុងគៀវថា “យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីកត់ត្រាថា នៅពេលដែលបទឈប់បាញ់ បានកើតឡើង ពួកយើងបានត្រៀមខ្លួន ដើម្បីអង្គុយចុះនៅតុចរចា ក្នុងទម្រង់ណាមួយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោកបានបង្ហាញក្តីសង្ឃឹមថា រុស្ស៊ី ក៏នឹងបើកចំហសម្រាប់ការសន្ទនាផងដែរ។ លោក ហ្សេឡិនស្គី បានបន្ថែមថា គណៈប្រតិភូអ៊ុយក្រែន ដែលគ្រោងនឹងជួបជាមួយតំណាងបរទេសនៅទីក្រុងឡុងដ៍ ក្នុងសប្តាហ៍នេះ នឹងមានអាណត្តិ ដើម្បីចរចាបទឈប់បាញ់ពេញលេញ ឬដោយផ្នែក។
គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសថា អ៊ុយក្រែន នឹងធ្វើកិច្ចចរចា សំដៅសម្រេចបានសន្តិភាព ជាមួយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក នៅទីក្រុងឡុងដ៍ នៅថ្ងៃពុធនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
