វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដោយថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែនរូបនេះ ស្តីពីតំបន់គ្រីមៀ គឺជាគ្រោះថ្នាក់ខ្លាំង ដល់ការចរចាសន្តិភាព ជាមួយរុស្ស៊ី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្ដាញ Truth Social ឲ្យដឹងថា “គ្មាននរណាម្នាក់សុំឱ្យលោក ហ្សេឡិនស្គី ទទួលស្គាល់តំបន់គ្រីមៀ ជាទឹកដីរុស្ស៊ីនោះទេ ប៉ុន្តែប្រសិនបើលោកចង់បានតំបន់គ្រីមៀ ហេតុអ្វីបានជាពួកគេមិនប្រយុទ្ធដើម្បីវាកាលពី ១១ ឆ្នាំមុននៅពេលដែលវាត្រូវបានប្រគល់ឱ្យរុស្ស៊ី ដោយគ្មានការបាញ់ប្រហារ? ពោលគឺលោកចង់មានន័យថា ជាការប្រគល់ឲ្យរុស្ស៊ីតាមរយៈការធ្វើប្រជាមតិ”។
លោក ត្រាំ បានសរសេរថា “វាជាសេចក្តីថ្លែងការណ៍ក្ដៅរលាក ដូចលោក ហ្សេឡិនស្គី ដែលធ្វើឱ្យវាពិបាកដោះស្រាយសង្គ្រាមនេះ។ លោកគ្មានអ្វីដែលត្រូវអួតអាងទៀតទេ ស្ថានភាពសម្រាប់អ៊ុយក្រែនគឺធ្ងន់ធ្ងរណាស់ ដោយនិយាយចំៗទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក ត្រាំ បានលើកឡើងថា លោកអាចមានសន្តិភាព ឬលោកអាចតស៊ូ បីឆ្នាំទៀត មុនពេលបាត់បង់ប្រទេសទាំងមូល” ។
លោក ត្រាំ ក៏បានកត់សម្គាល់ផងដែរថា សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយលោក ហ្សេឡិនស្គី នឹងមិនធ្វើអ្វីក្រៅពីពង្រីក “វាលពិឃាត” ហើយ “គ្មាននរណាម្នាក់ចង់បាននោះទេ! លោក បានកត់សម្គាល់ថា “យើងខិតជិតទៅដល់កិច្ចព្រមព្រៀងមួយហើយ ប៉ុន្តែបុរសដែលគ្មានសន្លឹកបៀសម្រាប់លេងម្នាក់នេះ ទីបំផុតធ្វើវាហើយ”។
ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ថា លោក ហ្សេឡិនស្គី បានលើកឡើងកាលពីថ្ងៃអង្គារថា ទីក្រុងគៀវ បានត្រៀមលក្ខណៈដើម្បីចូលរួមកិច្ចចរចាក្នុងទម្រង់ណាមួយ នៅពេលដែលបទឈប់បាញ់ដែលមានសក្តានុពលជាមួយរុស្ស៊ីត្រូវបានបង្កើតឡើង។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែន នឹងមិនទទួលស្គាល់ផ្លូវច្បាប់លើការកាន់កាប់តំបន់គ្រីមៀ ដោយរុស្ស៊ីនោះទេ ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា
