ព័ត៌មានអន្តរជាតិ

ចិន​បដិសេធ​រាល់​ ការ​លើក​ឡើង​ដែល​ថា ខ្លួន​កំពុង​ពិភាក្សា​ ជាមួយ​អាមេរិក ​ជុំវិញ​ការ​ដំឡើង​ពន្ធ

បរទេស៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធការ លើកឡើងណាមួយដែលថា ខ្លួនស្ថិតនៅក្នុងការ ចរចាយ៉ាងសកម្មជាមួយរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ជុំវិញពន្ធគយដោយនិយាយថា ការយល់ឃើញណាមួយ នៃវឌ្ឍនភាពនៅក្នុងបញ្ហានេះ គឺគ្មានមូលដ្ឋានដូចជា “ការព្យាយាមចាប់ខ្យល់” ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយ របស់ប្រទេសចិនបានកើតឡើងបន្ទាប់ពីលោក Trump បាននិយាយកាលពីថ្ងៃអង្គារថា អ្វីៗនឹង “ល្អជាមួយប្រទេសចិន” ហើយថា អត្រាពន្ធចុងក្រោយលើ ការនាំចេញរបស់ចិននឹងធ្លាក់ចុះ “យ៉ាងខ្លាំង” ពី ១៤៥ភាគរយ នៅពេលបច្ចុប្បន្ន។

លោក Guo Jiakun អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាននិយាយ នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ កាលពីថ្ងៃព្រហស្បតិ៍ថា “សម្រាប់អ្វីដែលខ្ញុំដឹង គឺ ប្រទេសចិន និងសហរដ្ឋអាមេរិក មិនមានការពិគ្រោះ ឬការចរចាលើពន្ធគយនោះទេ គឺនៅតែមិនទាន់ឈាន ដល់កិច្ចព្រមព្រៀងនៅឡើយ”។

អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មលោក He Yadong បាននិយាយថា “ជំហររបស់ចិនគឺស្រប ហើយយើងបើកចំហ ចំពោះការពិគ្រោះយោបល់ និងការសន្ទនា ប៉ុន្តែទម្រង់ នៃការពិគ្រោះយោបល់ និងការចរចាណាមួយ គឺត្រូវតែធ្វើឡើងដោយឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក និងក្នុងលក្ខណៈស្មើគ្នា” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top