នយោបាយ

លិខិតមិត្តអ្នកអាន ៖ ថ្ងៃ ០៩ វិច្ឆិកា “ណែនដូចប៊ូល មូលដូចបាល់!”

ភ្នំពេញ ៖ សម្រាប់ថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ ផែនការលោក សម រង្ស៊ី ដែលចង់ប្រមូលផ្តុំកម្លាំងមហាជន និងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួល រំលំរដ្ឋាភិបាល ស្របច្បាប់ ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបរាជានិយមអាស្រ័យធម្មនុញ ច្បាស់ជាទទួលបរាជ័យ ទាំងស្រុងមិនអាចប្រកែក បានឡើយ ។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ច្បាស់ជាបរាជ័យ? ពីព្រោះមានហេតុផលសត្យានុម័តជាច្រើន ដែលអាចបញ្ជាក់បានក្នុងនោះអ្វីដែល យើងបានឃើញ នឹងភ្នែកស្រាប់និងលឺនឹងត្រចៀក គឺ រដ្ឋាភិបាល បានសំរេច ចាត់វិធានការ ដ៏តឹងរ៉ឹងបំផុតដើម្បីបំបែក និងកាត់ស្មៅជើងក្រោម ព្រមទាំងបិទជីពចរដើម្បីបំផ្លាញ ផែនការរបស់លោក សម រង្ស៊ី ទាំងស្រុង ។ មិនតែប៉ុណ្ណោះ វិធានការរបស់រដ្ឋាភិបាល ក៏បានរុញច្រានឲ្យលោក សម រង្ស៊ី និងគូកនឲ្យស្ថិតក្នុងសភាពមួយទាល់ច្រក ។ បើនិយាយតាមបែបផ្សេង អាជ្ញាធររដ្ឋាភិបាល ពិតជាបានក្តាប់ សភាពការណ៍យ៉ាងណែន ក្នុងដៃគឺ «ណែនដូចប៊ូល មូលដូច បាល់» បើទោះជាសម រង្ស៊ី មានស្លាបហោះក៏មិនអាចចូលស្រុកមកធ្វើអ្វីបានតាមគំនិតដែលខ្លួនចង់នោះឡើយ។ ហើយបើពិតជាហ៊ានប្រថុយចូលមែននោះ ប្រាកដជាត្រូវសមត្ថកិច្ច ចាប់ក្របួចនិងបង្រ្កាបដោយប្រសិទ្ធភាពបំផុត ។ នេះបានសបញ្ជាក់ឲ្យឃើញពីប្រៀបខ្លាំង របស់លោក ហ៊ុន សែន និងក៏បានបង្ហាញអោយឃើញ នូវកំហុសខាងយុទ្ធសាស្ត្រធំធេង របស់លោក សម រង្ស៊ី ផងដែរ។

ខ្ញុំចង់លើកហេតុផលមួយចំនួន ដែលអាចបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាបានបង្កើតកំហុសធ្ងន់ធ្ងរ និងបានហុចដងកាំបិតអោយលោក ហ៊ុន សែន ចាត់វិធានការសរុប មធ្យោបាយសរុប ដោយស្របច្បាប់បំផុត ដើម្បីការពាររដ្ឋធម្មនុញ្ញ និងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៖

ហេតុផលទី១៖ ដោយសារតែវ័យកាន់តែចាស់ហើយចង់ បានអំណាចពេកមុននឹងធ្វើ នយោបាយលែងកើត លោក សម រង្ស៊ី ក៏សម្រេចចិត្តទាំងទទឹងទិស និងទាំងតក់ ក្រហល់ ដោយប្រើប្រាសមធ្យោបាយ មិនប្រជាធិបតេយ្យ ។ ការប្រកាសផ្តួលរំលំរដ្ឋាភិបាល និងរបបរាជានិយម ដែលការពារយ៉ាងរឹងមាំ ដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ទាំងស្រុង និងខុសពីរដ្ឋធម្មនុញ្ញ ដែលកំណត់ឲ្យមានការបោះឆ្នោតរៀងរាល់ ៥ឆ្នាំម្តង ។ នេះជាកំហុសធំបំផុតទី១របស់ សម រង្ស៊ី ដែលធ្វើឲ្យបាត់បង់ការគាំទ្រ ទាំងផ្ទៃក្នុងខ្លួនឯងផង និងជាពិសេសទាំងសហគមន៍អន្តរជាតិផង ។ ហេតុដូច្នេះហើយបានជាមកដល់ពេលនេះ ពុំមានរដ្ឋាភិបាលបរទេស រឺស្ថាប័នអន្តរជាតិណាមួយ បានចេញមកប្រកាសជាផ្លូវការគាំទ្រ ការចូលស្រុករបស់លោកសម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។

ហេតុផលទី២៖ ដោយសារតែចង់ស្រាយ គំនុំគ្រួសារខ្លាំងពេក លោក សម រង្ស៊ី ទប់អារម្មណ៍មិនបានហើយក្លាយ ជាមនុស្សថ្លើមពាសមេឃ ហ៊ានរហូតដល់ប្រមាថ មាក់ងាយអង្គព្រះមហាក្សត្រ ជាសាធារណៈ ។

ការប្រមាថព្រះមហាក្សត្រ គឺជាកំហុសធ្ងន់ធ្ងរធំបំផុតទី២ ដែលធ្វើឲ្យលោក សម រង្ស៊ី បាត់បង់ការគាំទ្រកាន់តែខ្លាំង ពីសំណាក់មហាជនខ្មែរទូទៅ ដែលគោរពស្រឡាញ់ ព្រះមហាក្សត្រយ៉ាងខ្លាំង តាំងពីបូរាណកាលមក។ ប៉ុន្តែ លើកនេះ លោក សម រង្ស៊ី បានបំពានទឹកចិត្តពលរដ្ឋខ្មែរទូទាំងនគរដោយឥតញញើតកោតក្រែង។

ហេតុផលទី៣៖ កំហុសត្រួតលើកំហុស !
សុខៗស្រាប់តែលោក សម រង្ស៊ី និងគូកន បានប្រកាសចេញ សេចក្តីសម្រេចប្រមូលថវិកា ដើម្បីឧបត្ថម្ភកម្លាំងប្រដាប់អាវុធ ដែលហ៊ានផ្តាច់ខ្លួន ហើយអោយបែរចុងកាណុង ទៅរករដ្ឋាភិបាលវិញ ។ សេចក្តីសម្រេចនេះ គឺពិតជានយោបាយអត្តឃាតដ៏អាក្រក់បំផុត ដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ថា លោក សម រង្ស៊ី កំពុងរៀបចំផែនការ ធ្វើរដ្ឋប្រហារយ៉ាងពិតប្រាកដ ។ នេះជាកំហុសធំបំផុតទី៣ របស់លោក សម រង្ស៊ី ដែលមិនត្រឹមតែបំបែកកម្លាំងផ្ទៃក្នុង របស់ខ្លួនជាពិសេស គឺការចេញមុខប្រឆាំង ជាចំហរពីក្រុម កឹម សុខា និយមប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន មានហេតុផលគ្រប់គ្រាន់ ខាងផ្លូវច្បាប់ ក្នុងការប្រកាសជាជំហរ ដាក់ចេញវិធានការសរុប មធ្យោបាយ សរុបគ្រប់បែបយ៉ាងរាប់ទាំង មធ្យោបាយយោធា ដូចដែលបាននិងកំពុងធ្វើសព្វថ្ងៃនេះ ទន្ទឹមគ្នានឹងការប្រើ ប្រាស់កម្លាំងមហាជន ដែលជាចលនាជាតិមួយ តាមរយៈការរៀបចំទិវាហូបអំបុកថ្ងៃទី៩ វិច្ឆិកានៅទូទាំងប្រទេស ។

មូលហេតុទី៤ ៖ ការរៀបចំផែនការរដ្ឋប្រហារ ក្រោមរូបភាពនៃការវិលចូលស្រុកវិញ របស់លោក សម រង្ស៊ី បានធ្វើឡើងក្នុងកាលៈទេសៈមិនអំណោយផលទាល់តែសោះចំពោះលោក សម រង្ស៊ី ដោយសារម្យ៉ាងពេលនេះកម្លាំងផ្ទៃក្នុងរបស់លោក សម រង្ស៊ី កំពុងបែកបាក់ខ្ទេចខ្ទី និងម្យ៉ាងទៀត លោក ហ៊ុន សែន កំពុងកាន់ក្តាប់អំណាច យ៉ាងណែនក្នុងដៃ លើគ្រប់វិស័យ រាប់ទាំងវិស័យយោធាផង ។ ហើយបើងាកទៅមើល បរិបទអន្តរជាតិវិញ ផែនការរបស់លោក សម រង្ស៊ី បានធ្វើឡើងចំពេល ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងបំពេញ តួនាទីដ៏សំខាន់ ក្នុងនាមជារដ្ធសមាជិកអាស៊ានផង ក្នុងនាមសហគមន៍អាស៊ាន ជាមួយដៃគូផ្សេងៗផង ។ ក្នុងពេលខាងមុខនេះ រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំអាស៊ី-អឺរ៉ុប ASEM ទៀតផង ។
ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏កំពុង ប្រើនយោបាយការទូត ស្រទន់ដើម្បីពង្រឹងឡើងវិញនូវទំនាក់ ទំនងល្អជាមួយកម្ពុជា ដូចដែលយើងបានឃើញការ បង្ហោះសារជាបន្តបន្ទាប់ របស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា។
ដូច្នេះ គេអាចនិយាយបានថា លោក សម រង្ស៊ី បាននិងកំពុងធ្វើនយោបាយលោតខុសទិសខ្យល់ទាំងស្រុង ឬថា សម រង្ស៊ី កំពុងរាំខុសសង្វាក់ភ្លេងហើយ។

ដោយសារតែកំហុសយុទ្ធសាស្ត្រធំៗទាំងអស់នេះហើយ ទើបបានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកជាឱកាសមាស ដែលផ្តល់អំណោយផលគ្រប់បែបយ៉ាង ក្នុងការចាត់វិធានការទៅលើលោក សម រង្ស៊ី និងគូកនដែលជាក្រុមដឹកនាំធ្វើរដ្ឋប្រហារ ។ នេះគឺជាវិធានការក្នុងបុព្វហេតុការពារ រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រនិងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។

លោក សម រង្ស៊ី និងក្រុមរបស់គាត់ ក៏ដូចជាអ្នកវិភាគខ្លះកំពុងវិភាគដោយយល់ច្រឡំថា រដ្ឋាភិបាលភ្នំពេញខ្លាចស្រមោលលោក សម រង្ស៊ី ទើបបានជាប្រើវិធានការធំធេងយ៉ាងនេះ។ ប៉ុន្តែ បើតាមខ្ញុំយល់ លោក ហ៊ុន សែន យល់ច្បាស់ណាស់ថា លោក សម រង្ស៊ី ពេលនេះកំពុងស្ថិត ក្នុងសភាព «ចចកសំគម ហើយត្រូវរបួស»ទៀត ដែលសូម្បីតែសត្វរុយក៍មើលងាយដែរ។ ប៉ុន្តែ ចំណាត់ការដែលរដ្ឋាភិបាលធ្វើចំពោះលោក សម រង្ស៊ី និងគូកន ដែលមើលទៅមានសភាពសម្បើមខ្លាំង ក៏ព្រោះតែលោក ហ៊ុន សែន ចង់បង្ហាញថា ៖
-លោកនៅតែអាចក្តាប់ បានយ៉ាងណែនក្នុងដៃ នូវកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺមិនដូចការឃោសនារបស់លោក សម រង្ស៊ី ដែលចង់បំបែកបំបាក់កម្លាំង ប្រដាប់អាវុធចេញ ពីរដ្ឋាភិបាលនោះឡើយ។
-លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ចង់បង្ហាញថា លោកអាចប្រើប្រាស់យន្តការអាស៊ានផងដែរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពីព្រោះកំហុសយុទ្ធសាស្ត្រ របស់លោក សម រង្ស៊ី បានធ្វើឲ្យលោក ហ៊ុន សែន មានហេតុផលគ្រប់គ្រាន់ ក្នុងការដាក់ឈ្មោះ សម រង្ស៊ី និងគូកនក្នុងបញ្ជីខ្មៅ ផ្ញើទៅបណ្តាប្រទេសអាស៊ាន ដើម្បីសុំសហការក្នុងការ ចាត់វិធានការ តាមច្បាប់ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន។ បញ្ជីខ្មៅនេះហើយដែលធ្វើឲ្យអាស៊ាន ពិសេសប្រទេសជិតខាងកម្ពុជា បានបណ្តេញលោកស្រីមួរ សុខ ហួរអោយត្រឡប់ទៅវិញ ហើយលោករង្ស៊ីក៏ដូចជាគូកនគាត់ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ នឹងពិតជាមានលទ្ធផលដូចលោកស្រីមួរ សុខហួរនេះដែរ។

ដូច្នេះ ខ្ញុំយល់ថាការលើកឡើងថា លោក ហ៊ុន សែន ខ្លាចស្រមោល សម រង្ស៊ី នោះគឺមិនឡូហ្ស៊ីកឡើយ តែផ្ទុយទៅវិញ គឺលោក ហ៊ុន សែន គ្រាន់តែប្រើប្រាស់ឱកាសមាសដែល លោក សម រង្ស៊ី ហុចអោយក្នុងយុទ្ធសាស្ត្រ «ឈ្នះសង្គ្រាមដោយមិនចាំបាច់ធ្វើសង្គ្រាម»តែប៉ុណ្ណោះ។

សរុបមកវិញ ខ្ញុំមើលឃើញថា ពេលនេះរដ្ឋាភិបាលភ្នំពេញ ដែលដឹកនាំដោយគណបក្សប្រជាជន ពិតជាមានមូលហេតុ និងបុព្វហេតុត្រឹមត្រូវនិងស្របច្បាប់ ក្នុងការប្រមូល និងរួបរួមកំលាំងគ្នា ទាំងកំលាំងច្បាប់ កំលាំងមហាជន និងកំលាំងប្រដាប់អាវុធ ដើម្បីប្រឆាំងជាចំហរនិងជាផ្លូវការ ទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ថ្ងៃ៩វិច្ឆិកាក្នុងភាព ម្ចាស់ការទាំងស្រុងលើ សភាពការណ៍ទូទៅ ពោលគឺអ្វីៗទាំងអស់ ត្រូវបានរដ្ឋាភិបាលរៀបចំទុកជាមុននិងក្តាប់ « ណែនដូចប៊ូល មូលដូចបាល់» ដើម្បីធានាការ សប្បាយរីករាយ របស់ប្រជាពលរដ្ឋក្នុងឱកាសពីធីបុណ្យអុំទូក ឆ្នាំ២០១៩នេះ ក៍ដូចជាស្ថេរភាព និងសេចក្តីសុខរបស់សង្គមជាតិខ្មែរ យើងតទៅទៀត ៕

ដោយ : សាស្ត្រាចារ្យវិទ្យាសាស្ត្រ សង្គមខេត្តកំពង់ចាម

To Top