ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងគ្រប់ប្រភេទ នៃខេត្តព្រះសីហនុ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគទុន និងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត និងទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។

ការលើកឡើងរបស់ សម្ដេច ស ខេង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ស្ថិតភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងបងប្អូនសប្បុរសជន ដែលបានបរិច្ចាគនូវធនធាន សម្ភារៈយ៉ាងច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញ ស្មារតី ក្នុងការចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យ ផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានខេត្តព្រះសីហនុ។ សម្តេច មានប្រសាសន៍បន្តថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានប្រជាជនភាគច្រើនបានដើរតាមមាគ៌ារបស់ព្រះពុទ្ធ ហើយសាសនាព្រះពុទ្ធបានផ្តល់ជំនឿយ៉ាងមុតមាំដល់ពុទ្ធសាសនិកផងដែរ តាមរយៈវត្តអារាមដែលជាកន្លែងជួយទ្រទ្រង់នូវធម៌របស់ព្រះពុទ្ធ ដែលបានជួយអប់រំ និងកសាងសហគមន៍ តាំងពីអតីតកាលរហូតមកដល់នាពេលបច្ចុប្បន្ន ទើបរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

សម្ដេច បន្ថែមថា វត្តអារាមបានបង្កលក្ខណៈ ឲ្យសង្គមគ្រួសារខ្មែរចេះដឹងខាងវិធីសម្របសម្រួលដោះស្រាយរាល់បញ្ហាលំបាកដោយប្រកាន់នូវធម៌មេត្តា ករុណា សណ្ដោសប្រណី ចេះអប់រំគ្នាតាមផ្លូវធម៌ និងច្បាប់ទៀតផង។ វត្តអារាមជាប្រភពផ្តល់នូវចំណេះដឹងខាង ពុទ្ធចក្រ និងអាណាចក្រ បានសេចក្តីថា រាល់បញ្ហានៅក្នុងសហគមន៍ គឺមានព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទ ចូលរួមដោះស្រាយ។ វត្តអារាមមានតួនាទីសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដូចជាការធ្វើចលនាកៀរគរជំនួយដើម្បីកសាងវត្តអារាម សាលារៀន មន្ទីពេទ្យ ស្ពានថ្នល់៕
