កំពង់ធំ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ផែនការអភិវឌ្ឍទេសចរណ៍ខេត្តកំពង់ធំ ក៏ត្រូវបានរៀបចំអនុវត្តជាបន្តបន្ទាប់ ដើម្បីទាក់ទាញអ្នកដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ កុំឱ្យទៅហួស មកហួស ដូចមុន។

ក្នុងពិធីដាក់ឱ្យដំណើរការ គម្រោងលើកកម្ពស់ជីវភាព ប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹង របស់ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ក៏ដូចជា ក្រុមការងារចុះមូលដ្ឋានទាំងអស់ និងអាជ្ញាធរដែនដី បានយកចិត្តទុកដាក់ បំពេញភារកិច្ច ប្រកបដោយសហថា មពល ប្រទាក់ក្រឡាគ្នា ចូលរួមដោះស្រាយបញ្ហាជីវភាព ប្រជាជននៅមូលដ្ឋាន, ការបង្កើតឱកាសក្នុងការធ្វើអាជីវកម្ម និងការបង្កើតនិងពង្រីកមុខរបរ ជាពិសេសចំពោះផលិតកម្ម កសិកម្មខ្នាតតូចតែផ្ដល់ផលលឿន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា «ចំពោះគម្រោង ខ្នាតមធ្យម និងខ្នាតធំសម្រាប់រួមចំណែក អភិវឌ្ឍខេត្តកំពង់ធំ ដែលត្រូវការទុនច្រើន បច្ចេកទេសខ្ពស់ នឹងត្រូវអនុវត្តក្រោមការគាំទ្រ ពីគម្រោងហិរញ្ញប្បទាន ដោយដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ។ ជាមួយគ្នានេះ ផែនការអភិវឌ្ឍ ទេសចរណ៍ខេត្តកំពង់ធំ ក៏ត្រូវបានរៀបចំអនុវត្ត ជាបន្តបន្ទាប់ ដើម្បីទាក់ទាញអ្នកដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ កុំឱ្យទៅហួសមកហួសដូចមុន ព្រមទាំងការ បណ្តុះបណ្ដាលចុងភៅ និងរៀបចំភោជនីយដ្ឋានឱ្យមានស្ដង់ដា ទីកន្លែងស្អាត ម្ហូបឆ្ងាញ់ តម្លៃសមរម្យ និងមានលក្ខណៈពិសេសរបស់តំបន់»។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្ថែមថា ការដាក់ឱ្យដំណើរការគម្រោង លើកកម្ពស់ជីវភាព ប្រជាជនខេត្តកំពង់ធំ នាពេលនេះ គឺ «ធ្វើពិត ពុំមែនសំដែងល្ខោនទេ» ។ លោក បានសំណូមពរ ឱ្យបងប្អូន ប្រជាពលរដ្ឋសហគមន៍ត្រូវចូលរួមការ បណ្តុះបណ្តាលបច្ចេកទេស ឧស្សាហ៍ព្យាយាម និងត្រូវមានសាមគ្គីភាពល្អ ដើម្បីអនុវត្តគម្រោងនេះ ឱ្យបានជោគជ័យ ។ ទន្ទឹមនេះ អាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ មន្ត្រីកសិកម្មឃុំ ផ្នែកជំនាញ ពាក់ព័ន្ធ ត្រូវចូលរួមសម្របសម្រួល និងគាំទ្រ ការអនុវត្តគម្រោង ដោយការទទួលខុសត្រូវ ហើយត្រូវ ចូលរួមដោះស្រាយ បញ្ហាប្រឈម ដែលកើតមាន ដើម្បីចូលរួមចំណែក អនុវត្តឱ្យុបានជោគជ័យ ស្របតាមគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នូវអភិក្រមចំនួន៣ គឺ «ជួយបង្កើនចំណូលគ្រួសារ ធានាសន្តិសុខស្បៀង និង ធានាសុវត្ថិភាពចំណីអាហារ»៕

