ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយបទពិសោធន៍ល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក (BYD CAMBODIA CO., LTD.) រួមជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BYD Cambodia សម្រាប់ការសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យយានយន្តអគ្គិសនី បន្ទាប់ពីឯកឧត្តមបានដឹកនាំគណៈប្រតិភូ ក.អ.ក. ទៅគោះទ្វារវិនិយោគដោយផ្ទាល់ ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD នៅទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងបានរំលេចអំពីលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្តែងឱ្យឃើញពីការរួមគ្នាពូនជ្រំថែរក្សា និងបន្តរឹតចំណងមិត្តភាពទំនាក់ទំនងការទូតកម្ពុជា-ចិន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងនៃគម្រោងវិនិយោគ ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ប្រមុខដឹកនាំគ្រប់ជំនាន់ រួមជាមួយនឹងការធ្វើបរមភាវូបនីយកម្មរបស់ ក.អ.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ដែលបាននិងកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពជំរុញឱ្យរោងចក្រដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយបទពិសោធន៍ល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕
