ព័ត៌មានអន្តរជាតិ

Update: កូរ៉េខាងជើងបង្ហាញព័ត៌មានលម្អិត នៃការពង្រាយទ័ពទៅកាន់រុស្ស៊ី

RT News

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផ្ទាល់បានបញ្ជាឱ្យយោធារបស់ប្រទេសកូរ៉េខាងជើងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី “ដើម្បីបំផ្លាញអ្នកកាន់កាប់ neo-Nazi អ៊ុយក្រែន និងរំដោះតំបន់ Kursk” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងរបាយការណ៍មួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន ប្រធានអគ្គសេនាធិការ Valery Gerasimov បានសរសើរការរួមចំណែករបស់ទាហានកូរ៉េខាងជើងក្នុងការជួយរំដោះតំបន់ Kursk ពីកងកម្លាំងអ៊ុយក្រែន។ ក្រុងព្យុងយ៉ាងបានបញ្ជាក់ជាផ្លូវការអំពីការដាក់ពង្រាយនេះ នៅថ្ងៃចន្ទ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ផ្លូវការរបស់គណៈកម្មាធិការយោធាកណ្តាលរបស់ប្រទេសនេះថា “ប្រតិបត្តិការរំដោះតំបន់ Kursk ដើម្បីទប់ទល់នឹងការលុកលុយបែបផ្សងព្រេងរបស់សហព័ន្ធរុស្ស៊ី ពីសំណាក់អាជ្ញាធរអ៊ុយក្រែនត្រូវបានបញ្ចប់ដោយជោគជ័យ” ។

កងទ័ពកូរ៉េខាងជើងត្រូវបានដាក់ពង្រាយនៅលើដីរុស្ស៊ីក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង ដែលបានចូលជាធរមានកាលពីខែធ្នូឆ្នាំមុន។ សន្ធិសញ្ញាផ្តល់ជំនួយយោធាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ ដោយសន្យាថា នឹងគាំទ្រភ្លាមៗ “តាមគ្រប់មធ្យោបាយដែលមាន” ក្រោមមាត្រា 51 នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ៊ុយក្រែនបានបើកការលុកលុយរបស់ខ្លួនចូលទៅក្នុងតំបន់ Kursk កាលពីខែសីហាឆ្នាំមុន ដោយបានដាក់ពង្រាយអង្គភាពល្អបំផុតមួយចំនួនរបស់ខ្លួន បំពាក់ដោយអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដំបូងឡើយទទួលបានដីមួយចំនួន និងចាប់យកការតាំងទីលំនៅជាច្រើន មុនពេលការឈានទៅមុខរបស់ពួកគេត្រូវបានបញ្ឈប់ដោយកងកម្លាំងរុស្ស៊ី។

គណៈកម្មាការយោធាមជ្ឈិមបាននិយាយថា ស្ថានភាពយោធាដែលកំពុងវិវឌ្ឍន៍បានបង្កឱ្យមានមាត្រា 4 នៃសន្ធិសញ្ញាជាមួយទីក្រុងម៉ូស្គូ។ ផ្អែកលើការវិភាគនេះ លោក គីម ជុងអ៊ុន ផ្ទាល់បានសម្រេចចិត្តដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ហើយបានជូនដំណឹងដល់វិមានក្រឹមឡាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top