ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។


ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិទាំង៣ខ្សែនាពេលនេះ បានបង្ហាញឱ្យ ឃើញអំពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗរបស់ជាតិ ដែលបានកើតចេញពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ដែលតាមរយៈទំនាក់ទំនងមិត្តភាពដ៏រឹងមាំនេះ បាននាំមកនូវ ការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនជាបន្តបន្ទាប់ សម្រាប់កម្ពុជា ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ផ្លូវជាតិលេខ៣១៖ មានប្រវែងសរុបចំនួន ៥៣,៥៣៩គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧ សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងនេះបានរួមបញ្ចូល នូវការសាងសង់ផ្លូវវាងទីប្រជុំជនចំនួន ២កន្លែង ផ្លូវវាងទី១ មានប្រវែង ៤,៦គីឡូម៉ែត្រ និងផ្លូវវាងទី២ មានប្រវែង ៤គីឡូម៉ែត្រ ស្ពានថ្មីចំនួន ១កន្លែង ប្រវែងសរុប ៦០ម៉ែត្រ និងមានទទឹងប្រវែង ១២ម៉ែត្រ និងជួសជុលស្ពានដែល មានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៩០កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៥ ៧០៤ម៉ែត្រ។
ចំពោះផ្លូវជាតិលេខ៣៣៖ មានប្រវែងសរុបចំនួន ៥២,៥៧៧គីឡូម៉ែត្រ មានចំណុចចាប់ ផ្តើមពីក្រុងកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែនកម្ពុជា-វៀតណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) ត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង ៧សង់ទីម៉ែត្រ និងផ្លូវបេតុងសរសៃដែក កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងនេះ បានរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ និងមានទទឹង ១២ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៨២កន្លែង និងលូបណ្តោយផ្លូវសរុប ប្រវែង ៩ ២៥៨ម៉ែត្រ។
ចំណែកឯផ្លូវជាតិលេខ៤១៖ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី(ចំណុច ប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងនេះបានរួមបញ្ចូលនូវ ការសាងសង់ពង្រីកស្ពានចាស់ ១កន្លែង (ស្ពានគុណគ្រូ) ប្រវែងប្រមាណ ២០០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៨ ២៤១ម៉ែត្រ។
ផ្លូវជាតិទាំង៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នា នៅក្នុងផែនការ ប៉ុន្តែតាមការ អនុវត្តគម្រោងជាក់ស្តែង គឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះ មុនផែនការកំណត់។ គម្រោងនេះ បាន ចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក ក្នុងនោះ ផ្លូវជាតិលេខ៣១ ប្រមាណ ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕









