កំពង់ធំ :នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកសុទ្ធ ម៉ារី អភិបាលរងស្រុកបារាយណ៍ បានដឹកនាំកងកម្លាំង នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជួយសង្គ្រោះនិងឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះទាំងស្រុងចំនួន៥ ខ្នង និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារផ្សេងទៀត នៅភូមិគូរ និងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងឃុំចុងដូងទាំងមូលចំនួន៦៣ ខ្នង ដោយមានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន៦៣ គ្រួសារ ស្ថិតនៅលេីភូមិចំនួន ៥ ។ ក្នុងនោះនៅភូមិគូរ និងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ត្រូវបានខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ហើយបច្ចុប្បន្នប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងការស្នាក់នៅនិងការដោះស្រាយជីវភាពក្នុងគ្រួសារ។


ដោយឃើញពីការលំបាកនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកស័ង្កសី និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ និងឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ៥គ្រួសារផ្សេងទៀត ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ដោយឡែកប្រជាពលរដ្ឋដែលរងគ្រោះរលំផ្ទះទាំងស្រុង ចំនួន បីគ្រួសារទទួលបានស័ង្កសីចំនួន១០០ សន្លឹក ព្រមទាំងបានចាត់តាំងកងកម្លាំងជួយរុះរើ និងរៀបចំ ផ្ទះសម្បែងជូនពួកគាត់ផងដែរ។



លោកកែវ អូក មេឃុំចុងដូងតំណាងឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់ នៅភូមិគូរ និងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ដែលបាននាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងជួយរុះរើការបែកបាក់ផ្ទះសម្បែងរបស់ពួកគាត់នៅពេលនេះ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយសំនៀង
