ភ្នំពេញ៖ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះមានការលើកកម្ពស់សិទ្ធិការងារកាន់តែល្អប្រសើរឡើងថែមទៀត ធ្វើឱ្យពួកគាត់មានការពេញចិត្ត និងកក់ក្តៅជាខ្លាំង ជាពិសេសកាត់បន្ថយបញ្ហាប្រឈមបានច្រើន គ្មានការរើសអើង និងរឹតត្បិតសេរីភាព ផ្តល់ឱកាសការងារ ការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន។
លោក ឌិន សំអាត កម្មកររោងចក្រនៅរាជធានីភ្នំពេញ បាននិយាយថា៖«ខ្ញុំគិតថាការលើកកម្ពស់សិទ្ធិនេះ អាចជួយដល់វិស័យការងារ នៅកម្ពុជាគឺបង្ហាញឱ្យឃើញថា កម្មករមានសិទ្ធិពេញលេញ អាចចូលរួមបានគ្រប់សភាពការ អ្វីដែលសំខាន់គឺ បងប្អូនយើងមានជីវភាពរស់នៅសមរម្យ»។
លោក កាន់ ស៊ីថន កម្មកររោងចក្រដុងឌូ លើកឡើងថា៖«ខ្ញុំពេញចិត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ កម្មការិនី មិនរើសអើងភេទ និងជនមានពិការភាព។ ការលើកកម្ពស់សិទ្ធិការងារ ជួយពលរដ្ឋឱ្យមានការងារធ្វើ មានលុយចាយ ឈឺមានពេទ្យព្យាបាលជំងឺពី ប.ស.ស. ស្ត្រីមានផ្ទៃពោះមានលុយពិនិត្យផ្ទៃពោះ រហូត៤ដងមុនពេលសម្រាល និងមានលុយឧបត្ថម្ភពីសម្តេច៨០ម៉ឺនរៀលទៀត ជារួមបានជួយសេដ្ឋកិច្ចគ្រួសារបានច្រើន»។

លោក កាន់ ស៊ីថន កម្មកររោងចក្រដុងឌូ
កញ្ញា ចិន ចាន់ថារី កម្មការិនីរោងចក្រនៅខេត្តកំពង់ស្ពឺ បានប្រាប់ថា៖«សប្បាយចិត្តដែលរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ល្អៗនិងលើកកម្ពស់ស្ត្រីខ្មែរយើង។ កន្លែងធ្វើការគឺស្រុះស្រួលគ្នាល្អ ហើយគោរពគ្នាទៅវិញទៅមក គ្មានការរើសអើងអីទេទាំងប្រុសទាំងស្រី និយាយទៅទាំងប្រធាន ទាំងកម្មករទាំងអស់ គឺយកចិត្តទុកដាក់ជាមួយគ្នាគោរពគ្នាទៅវិញទៅមក»។

កញ្ញា ចិន ចាន់ថារី កម្មការិនីរោងចក្រនៅខេត្តកំពង់ស្ពឺ
លោក កឹម ចាន់ណារិទ្ធ កម្មកររោងចក្រនៅខេត្តកំពង់ស្ពឺ និយាយថា៖«ចំពោះការលើកកម្ពស់សិទ្ធិការងារនេះ ពួកខ្ញុំជាកម្មករពេញចិត្តនឹងទទួល ដោយសារតែបានការជ្រោមជ្រែង និងលើកកម្ពស់សិទ្ធិនេះពីរាជរដ្ឋាភិបាល»។

លោក កឹម ចាន់ណារិទ្ធ កម្មកររោងចក្រនៅខេត្តកំពង់ស្ពឺ
ជាការពិត រាជរដ្ឋាភិបាលតែងតែផ្តោតការយកចិត្តទុកដាក់លើវិស័យការងារ ដើម្បីបងប្អូនកម្មករនិយោជិតទាំងអស់មានសេរីភាពពេញលេញ គ្មានការគាបសង្កត់ ឬការរើងអើងណាមួយឡើយ។ ជាពិសេសរដ្ឋាភិបាលតែងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍បន្ថែមកាន់ត្រែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ រួមទាំងការដំឡើងប្រាក់ខែផងដែរ សំដៅលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្រឱ្យកាន់តែចុះទាប៕
