បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃអង្គារបានផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស សេរីភាពក្នុងប្រតិបត្តិការពេញលេញ ដើម្បីកំណត់របៀប គោលដៅ និងពេលវេលានៃការឆ្លើយតបរបស់ឥណ្ឌាចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅ Jammu និង Kashmir ដែលបានសម្លាប់មនុស្ស២៦នាក់។
សារនេះត្រូវបានថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ដែលចូលរួមដោយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh ទីប្រឹក្សាសន្តិសុខជាតិ Ajit Doval និងអគ្គសេនាធិការការពារជាតិ Anil Chauhan ។
ទូរទស្សន៍NDTV បានរាយការណ៍ថាក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោក Modi បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុង New Delhi ក្នុង ការដោះស្រាយការវាយប្រហារដ៏ឃោឃៅចំពោះអំពើភេរវកម្ម ហើយថាគាត់មាន ជំនឿ និងទំនុកចិត្តពេញលេញ ចំពោះសមត្ថភាពនៃយោធាឥណ្ឌា។
ប្រតិកម្មទៅនឹងការវាយប្រហារកាលពីសប្តាហ៍មុន លោក Modi បានប្តេជ្ញាថានឹង កំណត់អត្តសញ្ញាណ តាមដាន និងដាក់ទណ្ឌកម្ម ភេរវករ និងអ្នកគាំទ្ររបស់ពួកគេផងដែរ។
គួរឲ្យដឹងដែរថានៅក្នុងសុន្ទរកមួយនៅឯការជួបជុំមួយក្នុងរដ្ឋ Bihar លោកបាននិយាយថា ៖យើងនឹងដេញតាមពួកគេរហូតដល់ចុងបញ្ចប់នៃផែនដី ។ កាលពីថ្ងៃអាទិត្យ លោក Modi បានបញ្ជាក់ជាថ្មីថា៖អ្នកឃុបឃិតនិងជនល្មើសនៃការវាយប្រហារនេះនឹងប្រឈមមុខនឹងការឆ្លើយតបដ៏អាក្រក់បំផុតជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
