ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ ដើម្បីជាប្រយោជន៍រួមដល់ពលរដ្ឋ

ភ្នំពេញ ៖ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល មិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិត។

តាមរយៈសារលិខិតអបអរសាទរ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកប ដោយចីរភាព និងភាពធន់» សម្តេចបវរធិបតី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល មិនត្រឹមតែមានគោលដៅ ទាក់ទាញទុនវិនិយោគមកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូន ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួម ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាពផងដែរ»។

សម្តេចបវរធិបតី បន្ដថា តាមរយៈសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាសម្រេចបាន នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ ដូចត្រូវបានឆ្លុះបញ្ចាំង តាមរយៈការសម្រេច បាននូវអត្រាកំណើន សេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយអត្រានៃភាពក្រីក្រនិងវិសមភាពសង្គម ការកែទម្រង់ប្រព័ន្ធអប់រំ ការលើកកម្ពស់ សុខភាពសាធារណៈ ព្រមទាំងការពង្រឹងនិងពង្រីកប្រព័ន្ធគាំពារសង្គម។ល។ ក្នុងអំឡុងពេលនៃវិបត្តិជាសកល ជំងឺកូវីដ-១៩ កម្ពុជា ក៏បានបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការចាកចេញពី វិបត្តិនេះ ប្រកបដោយភាពរឹងមាំ ម្ចាស់ការ និងភាពធន់។

សម្តេចបវរធិបតី បន្ថែមថា ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យ រយៈពេលវែង ក្នុងការកសាងកម្ពុជាឱ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិចំនួន ៥ រួមមាន៖ ១. កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ២. កម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់និងរឹងមាំ ៣. ប្រជាជន កម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត ៤. ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស និង ៥. កម្ពុជាមាន បរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាព រវាងការអភិវឌ្ឍនិងការ អភិរក្សធនធានធម្មជាតិ។

សូមរំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ ជាមួយគ្នានេះ ក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស) ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ (កើនឡើងចំនួន ៣០ ៧៩១នាក់)៕

To Top