ភ្នំពេញ៖ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ADATA Technology Co., Ltd. បានគោរព ជម្រាបជូនសម្តេចធិបតីថា ក្រោយពីបានធ្វើទស្សនកិច្ច៤លើក នៅកម្ពុជា ក្រុមហ៊ុនរបស់លោក មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប ។
ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ។

នៅក្នុងជំនួបនេះ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជី នៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមាន ការិយាល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្ម នៅបណ្តាប្រទេសនានាជុំវិញពិភពលោក។
ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត, កុំព្យូទ័រ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។

លោកប្រធានបានបន្តថា នេះជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក មកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុន មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទំនើប ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនដែលបានមកបំពេញទស្សនកិច្ច និងចាប់អារម្មណ៍វិនិយោគ នៅកម្ពុជា។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ និងឈានមុខគេ ខាងវិស័យបច្ចេកវិទ្យាទំនើប។

សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់បរិស្ថានវិនិយោគនៅកម្ពុជា រួមមាន៖ ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការដាក់ចេញវិធានការចាំបាច់ និងការកែសម្រួល នីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងការដាក់ចេញ នូវកញ្ចប់វិធានការលើកទឹកចិត្តសម្រាប់វិនិយោគិន ជាពិសេសការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ទន្ទឹមនេះ សម្តេចបវរធិបតីបានសម្តែង នូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យាទំនើប នៅកម្ពុជា។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនង ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលានុវត្តភាព ក្នុងការវិនិយោគនៅកម្ពុជាផងដែរ៕

