ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនារសៀលថ្ងៃ២៩ មេសា បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៣៧៨នាក់ លើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្ត នៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យា ឈរលើមូលដ្ឋាន បែបវិទ្យាសាស្រ្ត»។

ក្នុងវគ្គនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យផ្ទាល់ខ្លួន ដែលចង់ផ្តល់ឱកាសឱ្យមន្រ្តីសុខាភិបាលទាំងអស់ ខិតខំហ្វឹកហាត់ខ្លួន ឱ្យក្លាយជាអ្នកដឹកនាំឆ្នើម ហើយចូលរួមជួយជំរុញ វិស័យសុខាភិបាល ឱ្យរីកចំរើនបានកាន់តែឆាប់រហ័ស។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ជំរុញឱ្យថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ជួយបង្ហាត់បង្ហាញដល់មន្ត្រីក្រោមឱវាទសំដៅផ្តល់ឱកាសប្រើប្រាស់ ភាពជាអ្នកដឹកនាំដល់មន្រ្តីនៅគ្រប់ខ្សែសង្វាក់នៃប្រពន្ធ័សុខាភិបាល។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តលើកយកវិធីសាស្រ្តនៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្តដោយផ្តោតលើ “ភាពដោយឡែក” និង “ភាពរួម” របស់អង្គវត្ថុ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកជាឧទាហរណ៍ បង្ហាញពីការប្រើប្រាស់ ភាពដោយឡែក និងភាពរួម ឱ្យបានយល់ពីតថភាពការងារ តថភាពសង្គម នៃបណ្តាប្រទេសផ្សេងៗ ។ គោលគំនិត “ភាពរួម និងភាពដោយឡែក” នេះក៏អាចយកទៅប្រើ ប្រាស់នៅក្នុងការវិភាគបញ្ហា ដើម្បីជួយឱ្យយល់ពីបញ្ហា បានកាន់តែគ្រប់ជ្រុងជ្រោយ៕









