ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងយុគសម័យថ្មី ត្រូវប្រុងប្រយ័ត្នក្នុងស្ថានភាពនៃការប្រកួតប្រជែង រវាងមហាអំណាចដែលកំពុងកើតឡើងនៅក្នុងតំបន់ជិតៗរបស់ខ្លួន។ នេះបើតាមការផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃ៣០ មេសា ។
ការលើកឡើងរបស់លោកបណ្ឌិតស្របពេលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ឆ្នាំ នៃការបង្រួបបង្រួមប្រទេសវៀតណាម ដែលខួបលើកទី៥០នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក៏បានចូលរួមផងដែរ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ នាឱកាសអញ្ជើញចូលរួមនេះ សម្ដេចតេជោ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម ប្រធានព្រឹទ្ធសភាវៀតណាម និងអគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ទទួលបានលទ្ធផលល្អៗគួរជាទីមោទក។

ក្នុងដំណើរអញ្ជើញទៅប្រទេសវៀតណាម របស់សម្តេចតេជោរយៈពេល២ថ្ងៃចាប់ពីថ្ងៃ២៩-៣០មេសានេះ លោកបណ្ឌិត គិន ភា បានបញ្ចេញទស្សនថា ដោយពេលនេះ ចំពេលដែលភាពមិនប្រាកដប្រជា ជាសកលដែលកំពុងកើនឡើង និងការត្រឡប់មកវិញដ៏មានសក្តានុពលនៃ គោលនយោបាយការបរទេសផ្តោតលើ ផលប្រយោជន៍និយមកាន់តែខ្លាំងឡើង របស់អាមេរិកក្រោមរដ្ឋបាល Trump អាណត្តិទី២ ដែលធ្វើឱ្យគោលការណ៍ពហុភាគីនិយមធ្លាក់ចុះ និងការប្រកួតប្រជែងរវាងអាមេរិកនិងចិនកាន់តែខ្លាំង ។ កម្ពុជានិងវៀតណាម ប្រឈមមុខនឹងជម្រើសយុទ្ធសាស្ត្រកាន់តែស្មុគស្មាញ។ ក្នុងបរិបទនេះ ស្វ័យភាពជាយុទ្ធសាស្ត្រគួរតែជាមគ្គុទេសក៍ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយអនុញ្ញាតឱ្យប្រទេសទាំងពីរ រក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយមហាអំណាច ខណៈផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ស្ថិរភាពក្នុងតំបន់ និងមាគ៌ាគោលនយោបាយការបរទេសឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ។

លោកបន្តថា ការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រតម្រូវឱ្យកម្ពុជានិងវៀតណាម នៅតែយកចិត្តទុកដាក់ចំពោះកង្វល់ ជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងផ្តល់ការធានាឱ្យគ្នាទៅវិញទៅមក ។ ការគិតតែពីការមានឥទ្ធិពលើគ្នា អតុល្យភាព ឬការរំលោភលើអធិបតេយ្យភាពគ្នា អាចធ្វើឱ្យចំណុចរសើបប្រវត្តិសាស្ត្រឆាបឆេះឡើងវិញនិងបំផ្លាញទំនុកចិត្ត។ ទំនាក់ទំនងដែលមានមូលដ្ឋានលើសមភាព ការគោរពគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្ត គឺជាកត្តាសំខាន់ក្នុងការដោះស្រាយ បញ្ហាប្រឈមខាងក្នុងនិងសម្ពាធខាងក្រៅ។
លោកបណ្ឌិតគូសបញ្ជាក់ថា “ក្នុងពេលជាមួយគ្នានេះ ប្រទេសទាំងពីរត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នៃការប្រកួតប្រជែង រវាងមហាអំណាចដែលកំពុងកើតឡើង នៅក្នុងតំបន់ជិតៗរបស់ខ្លួន។ ក្នុងការសម្របសម្រួលជាមួយអាស៊ាន ប្រទេសទាំងពីរត្រូវតែទប់ទល់នឹងការគាបសង្កត់ ដើម្បីឱ្យចូលរួមជាមួយប្លុកតែមួយ ជំនួសឱ្យការលើកកម្ពស់សណ្តាប់ធ្នាប់ ក្នុងតំបន់ដែលចាក់ឫសក្នុងសន្តិភាព សមាហរណកម្ម និងការចូលរួមប្រកបដោយកិច្ចសហប្រតិបត្តិការ” ។ លោកថា ខណៈដែលកម្ពុជានិងវៀតណាមប្រារព្ធខួបលើកទី៥៨ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទន្ទឹមនឹងខួបលើកទី៥០ នៃការបង្រួបបង្រួមជាតិរបស់វៀតណាម និងការបន្តរីកចម្រើនរបស់កម្ពុជាក្នុងការអភិវឌ្ឍជាតិ ប្រជាជាតិទាំងពីរត្រូវតែបញ្ជាក់ឡើងវិញ នូវភាពអាស្រ័យគ្នាទៅវិញទៅមកនៃអនាគតរបស់ខ្លួន។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកំណត់ដោយអតីតកាលរួម និងគោលបំណងឆ្ពោះទៅរកអនាគតរួម គួរតែត្រូវបានរឹតបន្តឹងឱ្យកាន់តែរឹងមាំ ដោយឈរលើគោលការណ៍នៃ ការរួមរស់ជាមួយគ្នាដោយសន្តិភាព ការគោរពបូរណភាពទឹកដី សាមគ្គីភាពយូរអង្វែង និងចក្ខុវិស័យរួមសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោកអះអាងទៀតថា ក្នុងខណៈដែលមានការកើនឡើងនៃ ការប្រកួតប្រជែងរវាងមហាអំណាច និងភាពមិនប្រាកដប្រជាជាសកល កម្ពុជា និងវៀតណាមមានឱកាសដើម្បីបង្ហាញឃើញ ពីរបៀបដែលប្រទេសជិតខាងដែលមាន ប្រវត្តិសាស្ត្រស្មុគស្មាញជាមួយគ្នា អាចសហការគ្នាដើម្បីជំរុញសន្តិភាព ភាពធន់ និងវិបុលភាព។ តាមរយៈការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រនិងតម្លៃរួម ភាពជាដៃគូរវាងប្រទេសទាំងពីរមិនត្រឹមតែ រឹងមាំយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាសសរស្តម្ភ នៃស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ៕
