ព័ត៌មានជាតិ

សម្ដេចធិបតី អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។

ជារៀងរាល់ឆ្នាំ កម្ពុជា តែងតែរៀបចំការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍នៃចលនាកម្មករអន្តរជាតិ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់ បច្ចុប្បន្ន ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល តែងតែយកចិត្តទុក ដាក់ខ្ពស់ និងគិតគូរក្នុងការបន្តលើក កម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនង វិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានា តាមរយៈការអនុវត្តយ៉ាងពេញលេញ នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពី សហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងអនុសញ្ញាអន្តរជាតិផ្នែកការងារ ដើម្បីធានាបាន នូវលក្ខខណ្ឌការងារល្អប្រសើរ មាន សុវត្ថិភាព-សុខភាពការងារ ដែលការពារផលប្រយោជន៍រួម ជូនបងប្អូនកម្មករ និយោជិត និងនិយោជករួមជា មួយនឹងការគិតគូរអំពីការចរចា និងដំឡើងប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ ជាប្រចាំផងដែរ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាច្រើនដំណាក់កាល ក្នុងចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ២០២៤ ដែលរួមមានដូចជា ការសាងសង់ផែកុងតឺន័រប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក -១១,៥ម៉ែត្រ; ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស; ការបំពាក់មធ្យោបាយលើកដាក់ កុងតឺន័រទំនើបៗ; ការសាងសង់ផែពហុបំណងប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក -១៣,៥ម៉ែត្រ និង ចំណតមូលដ្ឋាន ផ្គត់ផ្គង់ភស្តុភារ សម្រាប់ការរុករកប្រេង ដែលមានបណ្តោយ ប្រវែង ២០០ម៉ែត្រ ជម្រៅទឹក -៧,៥ម៉ែត្រ; ការកែសម្រួលផែទំនិញទូទៅ ទៅជាចំណតផែកុងតឺន័រជម្រៅទឹក -១០,៥ម៉ែត្រ; ការបូមស្តារជម្រៅទឹក ចំណតផែកុងតឺន័ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក -១១,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាដឹក កុងតឺន័រជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ព្រមទាំងធ្វើឱ្យសមត្ថភាពផែសរុបកើនដល់ជាង ១លាន TEUs ក្នុងមួយឆ្នាំ និងឃ្លាំងទុកដាក់ទំនិញផ្សេងៗទៀត ។

បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍ ពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួន ជាបន្តបន្ទាប់ និងសម្រេចបានបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែសរុបមានចំនួនជាង ១ លាន TEUs នៅក្នុងឆ្នាំ២០២៤ កើនឡើង ២៩,៣៨% និងចំណូលអាជីវកម្ម សរុបប្រមាណជាង ១២០លានដុល្លារអាម៉េរិក កើនឡើង ២៦,៦៣% បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១ ៥៦៦គ្រឿង កើនឡើង ៣,៩៨% ប៉ុន្តែចំណុះផ្ទុកនាវា មានរហូតដល់ប្រមាណជាង ២០លានតោន ដែលមានកំណើន ៥,៧៩%៕

To Top