ព័ត៌មានជាតិ

កម្ពុជា​ ត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍ មានសុវត្តិភាពខ្ពស់ និងអភិវឌ្ឍ ឆាប់រហ័សលើគ្រប់វិស័យ ពីសំណាក់អ្នកទេសចរ និងធុរជន ចក្រភពអង់គ្លេស

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា យល់ឃើញដូចគ្នាថា ទេសចរណ៍ ជាកត្តាជួយឱ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេស កាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នា ខណៈដែលកម្ពុជាត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍​ មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័ស លើគ្រប់វិស័យ ពីសំណាក់អ្នកទេសចរ និងធុរជនពីចក្រភពអង់គ្លេស និងអន្តរជាតិ ។

ការយល់ឃើញ របស់លោករដ្ឋមន្ត្រី និងលោកទូតខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអនុញ្ញាតជូនលោក DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពីការផ្លាស់ប្តូរ ទស្សន និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិ លើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈ អំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ។

ក្នុងជំនួបនេះ ត្រូវបានលោក ហួត ហាក់ និងលោកឯកអគ្គរាជទូតអង់គ្លេស បានពិភាក្សាដោយផ្តោតលើការអភិវឌ្ឍ ហេដ្ឋារចនាសម័ន្ធតភា្ជប់ គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយ​ សក្តានុពល ទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និង ចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព ការចូលរួមជួយ បណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ក្នុងវិស័យទេសចរណ៍ កិច្ចសហការរួមគ្នា ជួយជំរុញការហោះហើរត្រង់ រវាងកម្ពុជានិងចក្រភពអង់គ្លេស និងការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍ ព្រមទាំងការជួយជំរុញឱ្យមានការថត​ ឬ​ផលិតភាពយន្តនៅប្រទេសកម្ពុជា ពីសំណាក់ផលិតករល្បី ពីចក្រភពអង់គ្លេស ឬ កម្រិតពិភពលោក។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានបង្ហាញ នូវទស្សនរួមគ្នាថា ទេសចរណ៍ ជាកត្តាជួយឱ្យ ទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេស កាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។ ហើយកំណើនចំនួនទេសចរ ពីចក្រភពអង់គ្លេសមកកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលកម្ពុជាត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័ស លើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនពីចក្រភពអង់គ្លេស និងអន្តរជាតិ៕

To Top