ភ្នំពេញ ៖ រាជរដ្ឋាភិបាល កម្មករ កម្មការិនី និងសហជីព រួមទាំងអ្នកពាក់ព័ន្ធ ក្នុងវិស័យលើកកម្ពស់សិទ្ធិការងារ នៅទូទាំងប្រទេស ប្រមាណជិត៣ម៉ឺននាក់ មកពីគ្រប់និន្នាការនយោបាយ បានប្រារព្ធទិវាពលកម្មអន្តរជាតិ១ ឧសភាលើកទី១៣៩ យ៉ាងអធិកអធម រីករាយ និងមានសេរីភាពពេញ លេញក្រោមម្លប់សន្តិភាព ដែលបានផ្តល់សិទ្ធិពេញលេញស្រប តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមបទដ្ឋានអន្តរជាតិ ខាងការងារ ដែលបង្ហាញពីសួនផ្កាចម្រុះពណ៌ ក្នុងសួន សុខសន្តិភាព របស់កម្ពុជាដែលបង្កើតឡើង និងបន្តថែរក្សា ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ៖ “ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ បានប្រព្រឹត្តទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងមានការចូលរួមកាន់តែសកម្ម និងផលផុសពីគ្រប់ភាគី ពាក់ព័ន្ធក្រោមម្លប់សុខសន្តិភាព នៅកម្ពុជា ដែលបាននាំមកនូវស្ថិរភាពអាជីវកម្មសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ អធ្យាស្រ័យល្អរវាងកម្មករ និយោជិតនិងនិយោជក ប្រសិទ្ធភាពនៃយន្តការត្រីភាគីការ លើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារកាន់តែល្អប្រសើរ យន្តការដោះស្រាយការងារ កាន់តែមានប្រសិទ្ធភាព ដោយឈរលើគោលការណ៍ច្បាប់ ជាធរមានរបស់កម្ពុជា និងបទដ្ឋានអន្តរជាតិខាងការងារ”។

បើតាមអ្នកនាំពាក្យដដែលរូបនេះ ក្នុងថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិដ៏រីករាយ និងអធិកអធម ហើយក្លៀវក្លានេះ រាជរដ្ឋាភិបាល ក្រសួង កម្មករ សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រមាណជាង ៣ម៉ឺននាក់នៅទូទាំងប្រទេស មកពីគ្រប់និន្នាការ បានប្រារព្ធទិវាពលកម្មអន្តរជាតិនេះ នៅទីតាំងផ្សេងៗគ្នា ដែលជាការបង្ហាញពីផ្កាចម្រុះពណ៌ នៃសួនសុខសន្តិភាពរបស់កម្ពុជាបង្កើតឡើង និងបន្តថែរក្សា ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។

អ្នកនាំពាក្យរូបនេះបន្តថា រោងចក្រចំនួន ៤១ បានរៀបចំកម្មវិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលមានកម្មករនិយោជិតចូលរួមប្រមាណជាង ១ម៉ឺននាក់ ខណៈដែលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត បានធ្វើជាសេនាធិការ ជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងការរៀបចំអបអរសាទរ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ទៅតាមទីកន្លែង និងកម្មវិធីរៀងៗខ្លួនប្រកបដោយ បរិយាកាសរីករាយ និងស្និទ្ធស្នាល។

ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាចំនួន ៥ ៦៩៦នាក់ ហើយដោយឡែកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ២ ៧១០នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង។

បន្ថែមពីនេះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ មានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្ម អន្តរជាតិ ចំនួន ៤ទីតាំង និងទីតាំងផ្សេងៗទៀត ដូចជានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្តី្រ និងទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, សួនច្បារកោះនរាហ៍, សួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរៀបចំកម្មវិធីជួបជុំ ដោយសហភាពសហជីពចំនួន ២៤ សម្ព័ន្ធសហជីព អង្គការ សង្គមស៊ីវិល និងដៃគូសង្គម ដែលមានអ្នកចូលរួមសរុបប្រមាណ ៤ ៦០០នាក់ ព្រមទាំងមានការប្រគល់ញត្តិជូនតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរដ្ឋសភា និងតំណាងខុទ្ទកាល័យសម្ដេចធិបតី។

លោក ស៊ុន មេសាបញ្ជាក់ថា “ការរៀបចំប្រារព្ធយ៉ាងអធិកអធម និងរីករាយនេះគឺជាមនុញ្ញផល ក្រោមម្លប់សុខសន្តិភាព ដ៏ត្រជាក់នៅកម្ពុជា ដែលបានផ្តល់ឱកាសពេញលេញ ដល់គ្រប់សហជីព និងអង្គការវិជ្ជាជីវៈឱ្យប្រារព្ធនិង សំដែងមតិ យ៉ាងទូលំទូលាយដែលស្តែង ពីលំហនៃសិទ្ធិសេរីភាព នៅកម្ពុជាដែលរាជរដ្ឋាភិបាលគ្រប់អាណត្តិជាពិសេសអាណត្តិទី៧នេះបានបន្តផ្តល់ និងលើកកម្ពស់ឥតឈប់ឈរទាំងផ្នែកជីវភាព និងសិទ្ធិការងារគ្រប់បែបយ៉ាង ដែលធ្វើឱ្យវិស័យការងារនៅកម្ពុជា រីកចម្រើនគួរជាទីមោទនៈ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចង់បាន និងពេញចិត្ត”៕


