ព័ត៌មានជាតិ

សម្ដេចតេជោ៖ ការមើលស្រាល ជំងឺកូវីដ១៩ អាចប្រឈមនឹងការឆ្លង ដ៏គ្រោះថ្នាក់ខ្លាំងបំផុត

ភ្នំពេញ៖ ក្នុងដំណាក់កាល ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលខ្ពស់ នៃជំងឺឆ្លងកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។

សម្ដេចតេជោហ៊ុនសែន បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះថា «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច»។

សម្ដេចក៏បានបន្តអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត  បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់ ១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។

សម្ដេចបន្តថា ចុងសប្តាហ៍  ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជែលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។

សម្ដេចបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ  គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន ១១៧នាក់ ក្នុងចំណោមអ្នកជំងឺទាំងអស់១២២នាក់៕ដោយ៖បាន ធារ៉ូ

To Top