ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ី មានបំណងផ្តល់ជម្រកបណ្តោះអាសន្ន ដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលរងផលប៉ះពាល់ដោយជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ជាពិសេសអ្នកដែលធ្វើការផ្នែកអប់រំ និងថែទាំសុខភាព។
យោងតាមលោក Ahmad Muzani ប្រធានសភាប្រឹក្សាប្រជាជន គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយពួកគេឱ្យជាសះស្បើយពីរបួសទាក់ទងនឹងសង្រ្គាម និងបង្កើនជំនាញវិជ្ជាជីវៈរបស់ពួកគេ។ លោកបានធ្វើសេចក្តីថ្លែងការណ៍នេះបន្ទាប់ពីជំនួបកាលពីពេលថ្មីៗនេះជាមួយប្រធានាធិបតីលោក Prabowo Subianto នៅវិមានប្រធានាធិបតី។
ក្នុងនាមជាប្រទេសដែលមានជនមូស្លីមធំជាងគេលើពិភពលោក ឥណ្ឌូនេស៊ី បានគាំទ្រឯករាជ្យភាពប៉ាឡេស្ទីនជាប្រចាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Muzani បានលើកឡើងថា “ប្រធានាធិបតី ចង់ឱ្យអ្នកដែលមានរបួសដោយជម្លោះ រួមទាំងកុមារកំព្រា ស្ត្រី និងជនពិការ ទទួលបានការសង្គ្រោះភ្លាមៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ពួកគេនឹងត្រឡប់ទៅប្រទេសកំណើតវិញនៅពេលដែលប្រទេសរបស់ពួកគេរួចផុតពីជម្លោះ” ។
មុននេះ លោក Prabowo បានប្រកាសថា យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីន ១០០០ នាក់នឹងត្រូវជម្លៀសទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងដំណាក់កាលដំបូង។ ផែនការនេះទទួលបានការគាំទ្រពីអង្គការអ៊ីស្លាមធំជាងគេពីររបស់ប្រទេសគឺ Nahdlatul Ulama (NU) និង Muhammadiyah៕
ប្រែសម្រួល ឈូក បូរ៉ា
