បរទេស៖ ប្រមុខកងទ័ពនៅភាគខាងត្បូងប្រទេសថៃ បានថ្កោលទោសខ្មាន់កាំភ្លើងដែលទទួលខុសត្រូវចំពោះការសម្លាប់យ៉ាងព្រៃផ្សៃទៅលើមនុស្ស ៤ នាក់ រួមទាំងក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ និងស្ត្រីពិការភ្នែកអាយុ ៧៦ ឆ្នាំម្នាក់នៅក្នុងស្រុក Tak Bai និង Chanae នៃខេត្ត Narathiwat ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា មេបញ្ជាការតំបន់កងទ័ពទី៤ លោកឧត្តមសេនីយ៍ឯក Paisan Nusang បាននិយាយថ្ងៃសៅរ៍ថា លោកបានបញ្ជាឱ្យតាមប្រមាញ់យ៉ាងទូលំទូលាយ ដើម្បីចាប់ខ្លួនជនល្មើសនៃអំពើ “អមនុស្សធម៌” នេះ។
ឧត្តមសេនីយ៍ឯក Paisan បានធ្វើដំណើរទៅខេត្ត Narathiwat បន្ទាប់ពីឧប្បត្តិហេតុបាញ់សម្លាប់មនុស្សចំនួនពីរដែលបានកើតឡើងកាលពីថ្ងៃសុក្រនៅក្នុងស្រុកទាំងពីរ។
ការវាយប្រហារដែលសំដៅលើជនស៊ីវិលកាន់ពុទ្ធសាសនាថៃ បានបណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៣នាក់។
នៅឯភូមិ Ai Bue Tae ក្នុងឃុំ Chang Phueak នៃស្រុក Chanae ឧត្តមសេនីយ៍ Paisan បានកោះប្រជុំមួយដែលប្រមូលផ្តុំមន្ត្រីសន្តិសុខ និងអ្នកស្រុក – ភាគច្រើនជាពុទ្ធសាសនិកថៃ – ដើម្បីធានាដល់សហគមន៍ឡើងវិញ និងសម្តែងការរំលែកទុក្ខ៕
ប្រែសម្រួលៈ ណៃ តុលា
