តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ខណៈពេលដែលនៅតែប្តេជ្ញាចិត្ត ចំពោះផ្លូវនៃការទូត ប្រទេសនេះនឹងមិនអត់ឱន ចំពោះការគំរាមកំហែង និងវិធីសាស្រ្តផ្អែកលើសម្ពាធរបស់សហរដ្ឋអាមេរិកឡើយ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយប្រតិកម្មទៅនឹងការបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានលើកឡើងថា រាល់ការទិញប្រេងអ៊ីរ៉ង់ ឬផលិតផលគីមីឥន្ធនៈត្រូវតែបញ្ឈប់ជាបន្ទាន់ ក៏ដូចជាទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលបានដាក់កាលពីដើមសប្តាហ៍នេះទៅលើបុគ្គល និងអង្គភាពមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀត។
ក្រសួងការបរទេសបានឲ្យដឹងថា “ខណៈពេលដែលសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះផ្លូវនៃការទូត និងប្រកាសការត្រៀមខ្លួន សម្រាប់ការបន្តការចរចាសម្របសម្រួលដោយប្រយោលរបស់អូម៉ង់ ជាមួយសហរដ្ឋអាមេរិក សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងមិនស្ថិតក្រោមកាលៈទេសៈណាដែលអត់ធ្មត់ ចំពោះវិធីសាស្រ្តដោយផ្អែកលើការគំរាមកំហែង និងសម្ពាធនោះទេ”។
ទីក្រុងតេអេរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបន្តដាក់ទណ្ឌកម្ម និងសម្ពាធខុសច្បាប់ របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ហើយបានចាត់ទុកពួកគេថា ជាសញ្ញាមួយផ្សេងទៀត ដែលបង្ហាញថា ប្រទេសអ៊ីរ៉ង់ មានសិទ្ធិដាក់ការសង្ស័យលើផ្លូវនៃការបន្ដការទូតជាមួយអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
