បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា S. Jaishankar កាលពីថ្ងៃសៅរ៍ លោកបានអំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថាន ដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈកិច្ចខិតខំប្រឹងប្រែងការទូត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការកើនឡើងភាពតានតឹងរវាងទីក្រុង New Delhi និងទីក្រុង Islamabad បន្ទាប់ពីការវាយប្រហារភេរវកម្មនៅជិតតំបន់ Pahalgam ក្នុងទឹកដី Jammu និង Kashmir របស់ប្រទេសឥណ្ឌា ដែលបានឆក់យកជីវិតមនុស្ស ២៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ។
សេចក្តីថ្លែងការណ៍បានសរសេរថា “លោក Lavrov បានជំរុញឱ្យមានការដោះស្រាយការខ្វែងគំនិតគ្នារវាងទីក្រុង New Delhi និង Islamabad ដោយមធ្យោបាយនយោបាយ និងការទូតលើមូលដ្ឋានទ្វេភាគី ស្របតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង Simla ឆ្នាំ១៩៧២ និងសេចក្តីប្រកាស Lahore ឆ្នាំ១៩៩៩” ។
កិច្ចព្រមព្រៀង Simla និងសេចក្តីប្រកាស Lahore គឺជាក្របខ័ណ្ឌប្រវត្តិសាស្ត្រ ដែលឥណ្ឌា និងប៉ាគីស្ថានបានព្រមព្រៀងគ្នាពីមុន ដើម្បីដោះស្រាយជម្លោះតាមរយៈការសន្ទនាដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក។
ប្រែប្រួលៈ ណៃ តុលា
