ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទ MK-82 មួយគ្រាប់ នៅស្រុកប្រាសាទបល្ល័ង្ក!

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បានរាយការណ៍មកសម្ថកិច្ចក្នុងមូលដ្ឋានចុះពិនិត្យ។ ការប្រទះឃើញនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងតំបន់ព្រៃសហគមន៍ជាំម្រេច ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលឃុំសាលាវិស័យលោកវរសេនីយ៍ត្រី ហង់ ឡែម បានសហការជាមួយបុគ្គលឹករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះរុករក ប្រទះឃើញគ្រាប់ប្រភេទ MK-82 (គ្រាប់ទម្លាក់ពីលើយន្តហោះសម័យលុន ណុល) ចំនួនមួយគ្រាប់ នៅចំណុចទីតាំងខាងលើ។ បច្ចុប្បន្នគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះខាងលើ បានប្រគល់ជូនជំនាញស៊ីម៉ាក់ដើម្បីយកទៅរក្សាទុក។

លោកវីរៈសេនីយ៍ត្រី ហង់ ឡែម នាយយប៉ុស្តិ៍នគរបាលឃុំសាលាវិស័យ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់ឬបោសសម្អាតឬលើកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ក៏ដូចជាសន្តិសុខសង្គមជាតិ ។ ដូច្នេះបងប្អូនប្រជាពលនៅពេលដែលប្រទះឃើញគ្រាប់មីនឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍ជូនកម្លាំងនគរបាលឬកម្លាំងអង្គភាពស៊ីម៉ាក់ ដើម្បីបោសសម្អាតគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមទាំងនោះធានាសុខសុវត្ថិភាព ជូនប្រជាពរដ្ឋនិងប្រទេសជាតិ៕

Z

To Top