ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះ សំណាលសាកសួរសុខទុក្ខប្រគល់ភារកិច្ចសំខាន់ៗ នឹងបាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធនៈ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនទីបញ្ជាការស្រាលនៅតំបន់អូរសោមក្នុងភូមិសាស្ត្រព្រៃឡង់ ដែលកំពុងបំពេញបេសកកម្មការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រៃសហគមន៍អូរសោម ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្ងៃងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ មិនបានឈប់សម្រាកជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ដើម្បីការពារធនធានធម្មជាតិរបស់យើងទុកជាសម្បត្តិរបស់សង្គមជជាតិទាំងមូល និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លំាងចម្រុះ ត្រូវប្តេជ្ញាចិត្តដាច់ខាតការពារឲ្យបានមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានទៀតឡើយ ហើយត្រូវគ្រប់គ្រងការពារឲ្យបានផ្ទៃដីដែលដកហូតយកបានពីជនខិលខូចដែលលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ដើម្បីដាំស្ដារព្រៃឈើឡើងវិញ នៅក្នុងរដូវវស្សាខាងមុខនេះ ជាមួយនេះដែរ ត្រូវចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើឱ្យបានរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមានដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់អូសោមដែលកំពុងបំពេញភារកិច្ច ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដើម្បីបន្តសកម្មភាព ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ៕

ដោយ៖ សំនៀង
