ព័ត៌មានជាតិ

តម្រុយតភ្ជាប់! ឡាវអនុញ្ញាត ឱ្យកម្ពុជា ប្រើប្រាស់ប្រព័ន្ធផ្លូវដែក ដឹកផលិតផលស្វាយ ទៅប្រទេសចិន

ភ្នំពេញ៖ ឡាវ ដែលមានប្រព័ន្ធផ្លូវដែក តភ្ជាប់ពី ទីក្រុងវៀងចន្ទទៅកាន់ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានអនុញ្ញាតឱ្យកម្ពុជា ប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿន ដឹកផលិផលស្វាយ ទៅកាន់ប្រទេសចិន ឬប្រទេសទី៣ ដើម្បីបើកទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្ម របស់កម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។

ក្រៅពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿននេះ ភាគីទាំងពីរ ក៏បានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការ លើការងារអាទិភាព មានដូចជា៖ កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំ នៃជីកសិកម្ម ដោយផ្តោតសំខាន់ លើជីប៉ូតាស (potash-based fertilizer), ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត លើឆាកអន្តរជាតិ ក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួម នៃប្រទេសទាំងពីរផងដែរ។

ពាក់ព័ន្ធនឹងផ្លូវដែកនេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងសន្និសិទសារព័ត៌មានមួយ ស្ដីអំពីលទ្ធផល នៃដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងប្រទេសកម្ពុជា កាលពីពាក់កណ្ដាលខែមេសា ក៏បានបង្ហើបឱ្យដឹងផងដែរថា ភាគីនៃប្រទេសទាំងពីរ កម្ពុជា-ចិន បាននឹងកំពុងពិភាក្សាគ្នា លើលទ្ធភាពតភ្ជាប់ផ្លូវដែក ពីកម្ពុជាទៅកាន់ប្រទេសចិន តែមិនទាន់បញ្ជាក់ថា ត្រូវឆ្លងកាត់ប្រទេស វៀតណាម ថៃ ឬឡាវ នៅឡើយនោះទេ។

សូមបញ្ជាក់ថា ប្រព័ន្ធផ្លូវដែក គឺការតភ្ជាប់ជា យុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តជាច្រើន ក្រោមគោលនយោបាយផ្លូវ មួយខ្សែក្រវ៉ាត់មួយ (BRI) ដែលដាក់ចេញដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ (Global South) ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ៕

To Top