ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាសងសឹកប្រសិន បើត្រូវបានវាយប្រហារ ដោយលើកឡើង ពីការត្រៀមខ្លួន សម្រាប់វាយប្រហារ ដោយមីស៊ីល

xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានព្រមានថា អ៊ីរ៉ង់នឹងវាយប្រហារ ផលប្រយោជន៍ មូលដ្ឋានទ័ព និងកង ទ័ពអាមេរិក និងអ៊ីស្រាអែល “គ្រប់ទីកន្លែង និងនៅពេលណា ដែលចាត់ទុកថា ចាំបាច់” ប្រសិនបើប្រទេស ណាមួយចាប់ផ្តើម សង្រ្គាមប្រឆាំងនឹង សាធារណរដ្ឋអ៊ីស្លាមមួយនេះ។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន IRIB របស់អ៊ីរ៉ង់ ដែលបានចេញផ្សាយ ដោយឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ដែលបានព្រមានថា អ៊ីរ៉ង់នឹងជួបផលវិបាក សម្រាប់ការគាំទ្រដល់ក្រុមហ៊ូទី” ។

រដ្ឋមន្ត្រីការពារជាតិបានឲ្យដឹងថា អ៊ីរ៉ង់រក្សាឃ្លាំងអាវុធ ដ៏ធំនៃមីស៊ីលនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយនឹងមិនស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់វាប្រឆាំង នឹងគោលដៅក្នុងតំបន់ ប្រសិនបើសង្គ្រាម ត្រូវបានដាក់លើប្រទេស។ លោក Nasirzadeh បានលើកឡើងថា “ប្រសិនបើសង្រ្គាមបែបនេះកើតឡើងពីសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងកំណត់គោលដៅផលប្រយោជន៍ មូលដ្ឋាន និងកងទ័ព របស់ពួកគេនៅគ្រប់ទីកន្លែង និងនៅពេលណាដែល វាយល់ថាចាំបាច់” ។

លោកបានរិះគន់បន្ថែមទៀតនូវអ្វីដែលលោកបានពណ៌នាថា ជាភាពផ្ទុយគ្នាក្នុងអាកប្បកិរិយារបស់សហរដ្ឋអាមេរិក ដោយអះអាងថានឹងបើកចំហសម្រាប់ការចរចា ខណៈពេលដំណាលគ្នានឹងគំរាមអ៊ីរ៉ង់តាមបណ្តាញផ្សេងៗ។ លោកបន្ថែមថា យេម៉ែន គឺជាប្រទេសឯករាជ្យមួយ និងធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយបានណែនាំដល់សហរដ្ឋអាមេរិក ឱ្យជៀសវាងពីការបង្កើតវិបត្តិ នៅក្នុងតំបន់អាស៊ីខាងលិច ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top