យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្ដេជ្ញាថា នឹងសងសឹកលើកងកម្លាំង នៃក្រុមប្រដាប់អាវុធហ៊ូទី នៅក្នុងប្រទេសយេម៉ែន និងសម្ព័ន្ធមិត្តរបស់ពួកគេ គឺប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមីស៊ីលមួយគ្រាប់ ត្រូវបានបាញ់ដោយក្រុមហ៊ូទី បានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ របស់អ៊ីស្រាអែល។
ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X គណនីផ្លូវការរបស់ការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ការវាយប្រហារដោយក្រុមហ៊ូទី ផុសចេញពីប្រទេសអ៊ីរ៉ង់” ។ ប្រភពបានបន្ថែមថា អ៊ីស្រាអែល “នឹងឆ្លើយតបទៅនឹង ការវាយប្រហាររបស់ក្រុមហ៊ូទី ប្រឆាំងនឹង អាកាសយានដ្ឋានសំខាន់របស់យើង ហើយនៅពេល និងទីកន្លែងនៃការជ្រើសរើស របស់យើង ចំពោះមេភេរវករអ៊ីរ៉ង់ របស់ពួកគេ” ។
កាលពីព្រឹកថ្ងៃអាទិត្យ លោក ណេតាន់យ៉ាហ៊ូ បានចេញ ការព្រមានមួយទៀតដល់ក្រុមហ៊ូទី ដោយគំរាមធ្វើការ វាយប្រហារប្រឆាំងនឹងក្រុមនេះ ដោយលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថា “យើងបានវាយប្រហារ កាលពីអតីតកាល យើងនឹងវាយប្រហារនៅពេលអនាគត” នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ។
ក្រុមហ៊ូទី បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយកាំជ្រួចមីស៊ីល ដែលបានវាយប្រហារផ្លូវឆ្ពោះ ទៅស្ថានីយសំខាន់នៃអាកាសយានដ្ឋាន Ben Gurion ខាងក្រៅទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល។ ប្រព័ន្ធការពារដែនអាកាស ដែលដាក់ពង្រាយដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានព្យាយាមស្ទាក់ចាប់កាំជ្រួចនេះ ប៉ុន្តែមិនបានសម្រេច។
ការវាយប្រហារនេះបណ្តាល ឱ្យមានរបួសស្រាល ៤នាក់និងបណ្តាលឱ្យខូចខាត។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ជាច្រើនបានលុបចោលជើងហោះហើរទៅកាន់ និងមកពីប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយមីស៊ីល រួមមាន Air Europa, Swiss International Air Lines, Lufthansa, ITA Airways និង Brussels Airlines។ ក្រុមហ៊ូទី បានបង្កើនការវាយប្រហារ ដោយមីស៊ីល និងយន្តហោះដ្រូន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានការវាយប្រហារ តាមអាកាសជាថ្មីរបស់សហរដ្ឋអាមេរិក លើទីតាំងរបស់ពួកគេ នៅក្នុងប្រទេសយេម៉ែន។
ក្រុមហូទី ដែលគ្រប់គ្រងភាគច្រើន នៃភាគខាងជើងប្រទេសយេម៉ែន បានកំណត់គោលដៅលើអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងអ្វីដែលពួកគេពណ៌នាថា ជាសកម្មភាព នៃសាមគ្គីភាព ជាមួយប៉ាឡេស្ទីន ចំពេលមានសង្រ្គាម នៅតំបន់ហ្គាហ្សា ។ ក្រុមនេះបានឲ្យដឹងថា ខ្លួននឹងបញ្ឈប់ការ វាយប្រហាររបស់ខ្លួន ប្រសិនបើអ៊ីស្រាអែលបញ្ចប់យុទ្ធនាការ យោធារបស់ខ្លួន និងអនុញ្ញាត ឱ្យមានជំនួយមនុស្សធម៌ចូលក្នុងតំបន់នោះ៕
