ព័ត៌មានជាតិ

កិច្ចប្រតិបត្តិការល្អរវាងតុលាការកំពូល កម្ពុជា-ឡាវ នឹងរួមចំណែកការអនុវត្តច្បាប់ ដើម្បីគាំទ្រប្រយុទ្ធប្រឆាំងបទល្មើសនានា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់។

ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោកស្រី បានជម្រាបជូន សម្តេចបវរធិបតី ថា គោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចរបស់ លោកស្រី និងគណៈប្រតិភូ មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលឡាវ-កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

លោកស្រី ក៏បានជម្រាបជូន សម្ដេចបវរធិបតី បន្ថែមថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ នាថ្ងៃស្អែក, ស្ថាប័នកំពូលទាំងពីរនឹងចែករំលែកបទពិសោធន៍ និងព័ត៌មាន រវាងគ្នា និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន រួមទាំងការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀនខុសច្បាប់, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ក៏ដូចជាការបន្តសហការគ្នានៅក្នុងវេទិកាអន្តរជាតិ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ និងដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» កាលពីឆ្នាំ២០១៩។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ គឺជាមរតកដែលបានបន្សល់ទុកពីថ្នាក់ដឹកនាំជំនាន់មុនៗ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពូនជ្រុំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

សម្ដេចបវរធិបតី ក៏បានគូសរំលេចពីវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើវិស័យជាច្រើន ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ថាមពល និងពាណិជ្ជកម្ម ជាដើម។ សម្តេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា «កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដេីម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀន ខុសច្បាប់»។

សម្ដេចបវរធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នតុលាការនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត នៅគ្រប់កម្រិត៕

To Top