បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយនៅថ្ងៃចន្ទថា ទូកចំនួនបួនបានក្រឡាប់លិច អំឡុងពេលព្យុះមួយរំពេច នៅលើទន្លេមួយនៅភាគនិរតីនៃប្រទេសចិន ដោយបានបណ្តាលឱ្យមនុស្សប្រាំបួននាក់ស្លាប់ និងម្នាក់បាត់ខ្លួន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បាន០ផ្សាយថា មនុស្សជាង ៨០នាក់បានធ្លាក់ចូលទៅក្នុងទន្លេ Wu នៅពេលដែលខ្យល់ខ្លាំងបានវាយប្រហារតំបន់ទេសភាពក្នុងខេត្ត Guizhou កាលពីរសៀលថ្ងៃអាទិត្យ។
របាយការណ៍ដំបូងបាននិយាយថា ទូកទេសចរណ៍ពីរបានក្រឡាប់ ប៉ុន្តែ CCTV និងទីភ្នាក់ងារព័ត៌មានស៊ីនហួរបានផ្សាយនៅថ្ងៃចន្ទថា ទូកចំនួនបួនបានស្ថិតនៅក្នុងពេលខ្យល់កំពុងបោកបក់ខ្លាំងនោះផងដែរ។ គេមិនដឹងថា តើមានជនរងគ្រោះណាម្នាក់នៅលើទូកពីរផ្សេងទៀត ឬអត់នោះទេ។
ទូកបានក្រឡាប់បន្ទាប់ពីមានភ្លៀងធ្លាក់ភ្លាមៗ និងព្យុះព្រឹលបានបោកបក់លើទន្លេ Wu ដែលជាដៃទន្លេនៃទន្លេ យ៉ាងហ្សេ ដែលជាទន្លេវែងជាងគេរបស់ប្រទេសចិន។ នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បុរសម្នាក់អាចត្រូវបានគេមើលឃើញថាកំពុងធ្វើសង្គ្រោះបឋម CPR លើមនុស្សម្នាក់ទៀត ខណៈដែលកប៉ាល់មួយបានរសាត់ទៅខាង។
សូមជម្រាបថា តំបន់ភ្នំ និងទន្លេរបស់ខេត្ត Guizhou គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ ហើយជនជាតិចិនជាច្រើនកំពុងធ្វើដំណើរកំឡុងថ្ងៃបុណ្យជាតិរយៈពេលប្រាំថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃច័ន្ទ៕
ប្រែសម្រួលៈ ណៃ តុលា
