ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យធនធានទឹក ជាមួយកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក Kim Wansup រដ្ឋមន្ត្រីក្រសួង បរិស្ថានកូរ៉េ បានប្ដេជ្ញាជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យធនធានទឹក ជាមួយកម្ពុជា។

ក្នុងឱកាសជំនួបនេះ, លោក Kim Wansup បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈាន ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែក ដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានបន្តថា លោក និងគណៈប្រតិភូ នឹង ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួង ធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។

លោក រដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព, ចីរភាព និងអស់ សក្តានុពល នៃធនធាន សម្រាប់បម្រើដល់ វិស័យទ្រទ្រង់ សេដ្ឋកិច្ច ជាពិសេស វិស័យឧស្សាហកម្ម ។ ឯកឧត្តមបានគូសបញ្ជាក់ពីការ ប្តេជ្ញាចិត្តបន្តជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណ ចំពោះការគាំទ្រ និងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ លើវិស័យធនធានទឹករវាងកម្ពុជា និងកូរ៉េ។

ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ស្របពេល ដែលនគរូបនីយកម្ម នៅកម្ពុជាកំពុងមាន ការរីកចម្រើន យ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើង នូវតម្រូវការនៃការប្រើប្រាស់ទឹក ព្រមទាំងការកើនឡើង នៃកម្រិតជីវភាព របស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និង ចីរភាព។

ក្នុងន័យនេះ, សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងតភ្ជាប់ប្រព័ន្ធធារាសាស្ត្រដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងតភ្ជាប់នេះ ។ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានកូរ៉េ បន្តទំនាក់ទំនងឱ្យកាន់តែ ជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងធនធាន ទឹកប្រកបដោយប្រសិទ្ធភាព, អស់សក្តានុពល និង មានចីរភាព៕

To Top