កណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ។

ពិធីបើកការដ្ឋាន ដែ លត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ អំពីវឌ្ឍនភាព និងការបន្តកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជូនជាតិមាតុភូមិ តាមរយៈ ការចាប់ផ្តើមអនុវត្តនូវគម្រោង អភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ដែលក្នុងនោះ រួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ បណ្តាញលូទឹកកខ្វក់ និងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់ទទួលសេវាចំនួន ០៦សង្កាត់ ក្នុងក្រុងតាខ្មៅ ព្រមទាំងការសាងសង់ប្រព័ន្ធ រំដោះទឹកជំនន់ក្នុងក្រុងតាខ្មៅផងដែរ។

គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការគិតគូរលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្លោះទឹកកខ្វក់ នៅទីក្រុង ឆ្លើយតបនឹងការរីកលូតលាស់ឥតឈប់ឈរ និងកំណើន ប្រជាពលរដ្ឋ នៅតាមបណ្តាទីប្រជុំជនសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្លោះទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើង ជាប្រព័ន្ធញែកដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមានការងារសាងសង់ធំៗ ចំនួន ២ រួមមាន៖ ១. ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចមោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាព ចម្លោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុង មួយថ្ងៃ, ការសាងសង់ស្ថានីយ បូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹក កខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រមទាំងការងារ តំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ០៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។

និង២. ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះរួមមាន៖ ការសាងសង់បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ០២កន្លែង ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ ដោយក្រុមហ៊ុន សហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យ បច្ចេកទេស ដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណ ទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយ ផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ ដោយគ្រោង បញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧៕
















