ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ កំពុងបើកសមរភូមិថ្មីនៅក្នុងសង្គ្រាមពន្ធគយ ជាមួយខ្សែភាពយន្តដែល ផលិតនៅក្រៅសហរដ្ឋអាមេរិក

xinhua

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងបើកសមរភូមិថ្មីនៅក្នុងសង្គ្រាមពន្ធគយរបស់លោក ដោយផ្តោតលើខ្សែភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះកាលពីយប់ថ្ងៃអាទិត្យនៅលើវេទិកាសង្គម Truth Social លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម និងការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីដាក់ពន្ធ 100% “លើភាពយន្តណាមួយ និងទាំងអស់ដែលចូលមកក្នុងប្រទេសរបស់យើងដែលផលិតនៅបរទេស”។

លោកបានសរសេរថា “ឧស្សាហកម្មភាពយន្តនៅអាមេរិកកំពុងស្លាប់យ៉ាងលឿន” ដោយត្អូញត្អែរថា ប្រទេសផ្សេងទៀត “កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាងដើម្បីទាក់ទាញ” អ្នកផលិតភាពយន្ត និងស្ទូឌីយោឱ្យឆ្ងាយពីសហរដ្ឋអាមេរិក “នេះគឺជាការខិតខំប្រឹងប្រែងរួមគ្នាដោយប្រជាជាតិដទៃទៀត ហើយដូច្នេះ វាជាការគំរាមកំហែងសន្តិសុខជាតិ។ លើសពីនេះទៅទៀតការផ្ញើសារ និងការឃោសនាផ្សេងៗ!”

គេមិនច្បាស់ភ្លាមៗថាតើពន្ធលើផលិតកម្មអន្តរជាតិ អាចត្រូវបានអនុវត្តយ៉ាងដូចម្តេចនោះទេ។ វាជារឿងធម្មតាសម្រាប់ទាំងភាពយន្តខ្នាតធំ និងតូច ដែលរួមបញ្ចូលការផលិតទាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ជាឧទាហរណ៍ ភាពយន្តដែលចំណាយថវិកាច្រើន ដូចជារឿង “Mission: Impossible – The Final Reckoning” ត្រូវបានថតជុំវិញពិភពលោក៕

ប្រែសម្រួលៈ ណៃ តុលា

To Top