ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាមេរិក នឹងផ្តល់លុយឱ្យជនចំណាកស្រុកខុសច្បាប់ម្នាក់ ១.០០០ដុល្លារ និងថ្លៃសំបុត្រយន្តហោះ ប្រសិនបើពួកគេចាកចេញ ពីប្រទេសដោយស្ម័គ្រចិត្ត

Xinhua

បរទេស៖ ក្រសួងសន្តិសុខមាតុភូមិ (DHS) របស់សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃចន្ទថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ជូន ជនចំណាកស្រុកខុសច្បាប់ម្នាក់ នូវប្រាក់ឧបត្ថម្ភចំនួន ១.០០០ដុល្លារ និងថ្លៃសំបុត្រយន្តហោះពាណិជ្ជកម្មដោយឥតគិតថ្លៃ ប្រសិនបើពួកគេចាកចេញពីប្រទេសដោយស្ម័គ្រចិត្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា គោលការណ៍នេះអនុញ្ញាតឱ្យបុគ្គលដែលមាន សិទ្ធិផ្តល់សញ្ញាអំពីចេតនារបស់ពួកគេ ក្នុងការចាកចេញតាមរយៈកម្មវិធី CBP Home ។ អ្នកចូលរួមនឹងត្រូវបានដកហូតសិទ្ធិសម្រាប់ការឃុំឃាំង ហើយនៅពេលមានការបញ្ជាក់ពី ការចាកចេញដោយស្ម័គ្រចិត្តរបស់ពួកគេ នឹងទទួលបានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ។

លោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃកម្មវិធីនេះ ដោយបញ្ជាក់ថា អ្នកចូលរួមមួយចំនួនអាចមានសិទ្ធិវិលត្រឡប់មកវិញដោយស្របច្បាប់នាពេលអនាគត។ លោកបាននិយាយក្នុងព្រឹត្តិការណ៍ សេតវិមានកាលពីថ្ងៃច័ន្ទថា “យើងនឹងធ្វើការជាមួយពួកគេ ដូច្នេះថ្ងៃណាមួយជាមួយនឹងការងារតិចតួច ពួកគេអាចត្រលប់មកវិញ ប្រសិនបើពួកគេជាមនុស្សល្អ ប្រសិនបើពួកគេជាប្រភេទមនុស្ស ដែលយើងចង់បាននៅក្នុងប្រទេសរបស់យើង មនុស្សឧស្សាហ៍ដែលស្រឡាញ់ប្រទេសរបស់យើង” ។

រដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានពិពណ៌នាគំនិតផ្តួចផ្តើមនេះថាជា “វិធីល្អបំផុត សុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត” សម្រាប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ដើម្បីជៀសវាងការចាប់ខ្លួនដោយអន្តោប្រវេស Immigration and Customs Enforcement (ICE) ដោយជំរុញឱ្យពួកគេ “ទាញយក CBP Home App ថ្ងៃនេះ ហើយនិរទេសខ្លួនឯង”។

ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឡើងវិញ របស់គាត់កាលពីឆ្នាំមុន លោក Trump បានសន្យាម្តងហើយម្តងទៀតថានឹង “បញ្ឈប់ការលុកលុយចូលអាមេរិកខុសច្បាប់” និងចាប់ផ្តើម “ប្រតិបត្តិការនិរទេសដ៏ធំបំផុត” នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក Trump គឺ ICE បានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាង ១៥០.០០០ នាក់ និងបាននិរទេសពួកគេជាង ១៣៩.០០០ នាក់ , នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយសេតវិមានកាលពីខែមុន។ រដ្ឋបាលមានគោលបំណងឈានដល់ ការនិរទេសចំនួនមួយលាននាក់ក្នុងឆ្នាំដំបូងរបស់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top