ព័ត៌មានជាតិ

ខឹងបងស្រីស្ដីបន្ទោសរឿងនិយាយទូរស័ព្ទ និងដើរលេងយប់ជ្រៅ នារីវ័យក្មេងរូបស្រស់ម្នាក់ សម្រេចចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹក

កំពង់ស្ពឺ៖ នារីវ័យ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តចងករសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកក្រោយផ្ទះខណៈដែលបងស្រីបង្កើតស្តីបន្ទោសបន្តិចបន្តួច និងយកទូរស័ព្ទបោក មិនអាចទាក់ទងទៅមិត្តភក្តិបាន នាងខឹងអន់ចិត្តបញ្ចប់ជីវិតតែម្តង ហើយបន្សល់ទុកលិខិតតូចមួយច្បាប់។ ករណីប្រទះឃើញនារីវ័យ១៩ឆ្នាំ ចងកសម្លាប់ខ្លួននេះភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ទឹកក្រោយផ្ទះ ក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា សពមានឈ្មោះ ម៉ូ  ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកផ្ទះបងស្រីរបស់ខ្លួនបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ។ ក្រោយមកបងស្រីនិងបងថ្លៃមកពីធ្វើការវិញឃើញហើយក៏ស្រាយទំលាក់យកមកដាក់លើគ្រែក្នុងផ្ទះរួចរាយការណ៍ទៅសមត្ថកិច្ច ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចនិងជំនាញបានចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសពឃើញថា សពមានចងខ្សែឌុយទូរស័ព្ទពណ៌ខ្មៅជាប់ដៃទាំងសងខាង។
បើតាមការឱ្យដឹងពីបងស្រីសព មានឈ្មោះ ម៉ូ កុម្ភៈ ហៅលក្ខ័ អាយុ២៧ឆ្នាំ រៀបរាប់ថា គាត់ធ្លាប់ស្តីបន្ទោសសព រឿងនិយាយទូរស័ព្ទ និងដើរលេងរហូតយប់ជ្រៅទើបត្រឡប់មកផ្ទះស្ទើរតែជារៀងរាល់យប់។
មួយវិញទៀតគាត់បារម្ភពីសុវត្ថិភាពសព នាងទើបទិញម៉ូតូថ្មីស៊េរូទំនើប ក្រែងជួបគ្រោះថ្នាក់យើងជាស្រីផង។

ពេលនាងសព ទៅដើរលេង បងស្រីគាត់ខលចូលមិនលើក ពេលមកដល់ផ្ទះវិញ បងស្រីគាត់ក៏បោកទូរស័ព្ទចោល ពេលដែលបងស្រី និងបងថ្លៃ ទៅធ្វើការងារបាត់ ។
នាងស្រីពៅ សព បានចងករសម្លាញ់ខ្លួននៅក្នុងបន្ទប់ទឹកក្រោយផ្ទះតែម្តង។ ហើយបន្សល់ទុកកូនសំបុត្រតូចមាន ខ្លឹមសារថា( ញុមលាសិនហើយ ហើយបាច់យកញុមធ្វើបុណ្យទេ យកញុមទៅកប់ចោលទៅ កុំឱ្យអស់លុយច្រើន)។

នគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា ក្រោយពិនិត្យសពនារីវ័យ១៩ឆ្នាំរួច ពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
នគរបាលជំនាញបានប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ: សុខ សុភ័ណ្ឌ

To Top