ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាព គ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ ។
ក្នុងឱកាសថ្លែងបាឋកថា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅ កម្ពុជា” និងវេទិកាសំណួរ-ចម្លើយ នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត (Economic Research Institute of ASEAN and East Asia-ERIA) នៅហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា បានផ្លាស់ប្តូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើពិចារណាដោយប្រៀបធៀប ជាមួយប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា និងបានផ្លាស់ប្តូរពីសង្គមក្រីក្រ និង ងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ ។
បន្ថែមលើនេះ សម្តេចតេជោ បានថ្លែងថា អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយនៅក្នុងរង្វង់ ១០% ក្នុងឆ្នាំ២០១៩ ប៉ុន្តែបានឡើងខ្ពស់ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ ។ ទោះជាយ៉ាងនេះក្តី, ការដាក់ចេញ និងការអនុវត្តវិធានការអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងក្នុងការគ្រប់គ្រងវិបត្តិ ទាំងក្នុងការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន បានជួយបង្កើនអំណាចទិញរបស់ប្រជាជនមកវិញ និងធ្វើឱ្យអត្រាភាពក្រីក្រធ្លាក់ចុះមកត្រឹម ១៧,៩៨% ក្នុងឆ្នាំ២០២៤ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “យើងក៏កំពុងឈានទៅការបញ្ចប់ឋានៈ ជាប្រទេសមានការអភិវឌ្ឍតិចតួចដោយពេញលេញ នៅឆ្នាំ២០២៩ខាងមុខ ។ កម្ពុជា បានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិ បានដោយភាពម្ចាស់ការ, ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ, ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ” ។
ក្នុងនោះសម្តេចតេជោ បានបញ្ជាក់បន្ថែមថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្ម ដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក, ក្លាយជាប្រទេសដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈសន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀត៕
