ព័ត៌មានអន្តរជាតិ

ប្រជាជនកូរ៉េខាងជើង នាំគ្នាទិញរបស់របរ ប្រើប្រាស់ស្តុកទុក ដោយខ្លាចឡើងថ្លៃ អំឡុងពេលពាក្យ ចចាមអារ៉ាមលោក គីម ស្លាប់

បរទេស៖ ប្រជាជននៅរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង បានចាប់ផ្តើមទិញរបស់ ប្រើប្រាស់ស្តុកទុក នៅពេលមានពាក្យចចាមអារ៉ាម អំពីការស្លាប់របស់មេដឹកនាំ ប្រទេសគឺលោកគីមជុងអ៊ុន។ នេះបើយោងតាមកាសែត Washington Post ។

ប្រជាជនបានរាយការណ៍ថា បានទិញអ្វីៗគ្រប់យ៉ាងតាំង ពីស្រារហូតដល់ត្រីកំប៉ុង ក្នុងពេលរបាយការណ៍ស្តីពី “ជំងឺធ្ងន់ធ្ងរ” របស់ប្រធានាធិបតី គីម ឬសូម្បីតែភាពមិនច្បាស់លាស់ នៃការស្លាប់របស់មេដឹកនាំ កំពូលរបស់ប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រត្រូវបានគេរាយការណ៍ថា បានហោះហើរនៅរយៈកម្ពស់ទាប ពីលើរដ្ឋធានីខណៈរថភ្លើងនៅកូរ៉េខាងជើង និងផ្នែកខាងជើងនៃ ប្រទេសចិនត្រូវបានរំខាន។

ជោគវាសនារបស់លោក គីមជុងអ៊ុន នៅតែមិនទាន់ត្រូវបានគេដឹង ទោះបីមានពាក្យចចាមអារ៉ាម និង ការអវត្តមាន គួរឱ្យកត់សម្គាល់របស់លោក គីម ពីជីវិតសាធារណៈក៏ដោយ។ ទីប្រឹក្សាគោលនយោបាយការបរទេស ជាន់ខ្ពស់របស់ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានបញ្ជាក់ថា “លោក គីម ជុងអ៊ុន នៅមានជីវិត ហើយមានសុខភាពល្អ” ។

កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយថា លោក គីម ជុងអ៊ុន បានថ្លែងអំណរគុណចំពោះកម្មករ ដែលធ្វើការនៅក្នុងការកសាងទីក្រុង Samjiyon ។

ការរំពឹងទុកលើមរណភាព របស់មេដឹកនាំកូរ៉េខាងជើង បានចាប់ផ្តើមនៅដើមខែមេសា បន្ទាប់ពីគាត់មិនបានចូលរួម ពិធីខួបកំណើតរបស់ជីតា របស់គាត់ដែលជាព្រឹត្តិការណ៍ ប្រចាំឆ្នាំសំខាន់នៅក្នុងប្រទេស។ ចំពេលការបាត់ខ្លួនរបស់គាត់ ពីភ្នែកសាធារណៈ សេចក្តីរាយការណ៍ពីទូរទស្សន៍ CNN និង Dail NK បានចោទថាមេដឹកនាំនេះ បានទទួលការវះកាត់បេះដូង ដែលបានធ្វើឱ្យគាត់ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ការចោទប្រកាន់នេះមិនត្រូវបានប ញ្ជាក់ដោយមន្រ្តីកូរ៉េខាងជើងនោះទេ។

សូមជម្រាបថា នេះមិនមែនជាលើកទី ១ ទេដែលលោកគីម ជុងអ៊ុន បានបាត់ពីក្រសែភ្នែកសាធារណៈ ព្រោះ នៅឆ្នាំ ២០១៤ គាត់បានបាត់មុខអស់រយៈពេល ៤០ ថ្ងៃ ដែលបណ្តាលឱ្យមានការសង្ស័យ ទាក់ទងនឹងសុខភាពស្រដៀងគ្នាបែបនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top