ព័ត៌មានជាតិ

កម្ពុជា សហការជាមួយកូរ៉េ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ បានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងការលើកកម្ពស់ឧស្សាហកម្មបៃតងនៅកម្ពុជា។

ក្នុងជំនួបនេះ លោក Wansup Kim បានលើកឡើងថា រដ្ឋាភិបាលកូរ៉េមានផែនការបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ហើយវិស័យទឹកស្អាត និងនិរន្តរភាពបរិស្ថានគឺជាអាទិភាព។

លោករដ្ឋមន្ត្រី ក្រសួងបរិស្ថានកូរ៉េ បានបន្ថែមថា «យើងមើលឃើញពីសក្តានុពលជាច្រើន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការផ្តល់សេវាសង្គម ដូចជាសេវាទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធបៃតង»។

លោករដ្ឋមន្ត្រី បន្ដថា កម្ពុជាអាចចៀសវាងបទពិសោធន៍នៃការអភិវឌ្ឍមួយចំនួនដែលប្រទេសកូរ៉េបានជួបប្រទះ នៅក្នុងបរិវត្តកម្មឧស្សាហកម្មរបស់ខ្លួន ហើយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃរបស់កូរ៉េ នឹងជួយគាំទ្រកម្ពុជានៅក្នុងដំណើរឆ្ពោះទៅការសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

To Top