សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា កាំជ្រួចមីស៊ីលត្រូវបានបាញ់នៅចន្លោះម៉ោង ៨ និង ១០នាទី ព្រឹកដល់ម៉ោង ៩ និង ២០នាទីព្រឹក ពីតំបន់ Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ដោយបន្ថែមថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនប្រភេទពីតំបន់នោះ។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា មីស៊ីលទាំងនោះបានហោះបានចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។
កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចចុងក្រោយកាលពីថ្ងៃទី១០ ខែមីនា ឆ្ពោះទៅសមុទ្រ ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធារួមប្រចាំឆ្នាំទ្រង់ទ្រាយធំហៅថា Freedom Shield៕
ប្រែសម្រួល ឈូក បូរ៉ា
