ភ្នំពេញ៖ប្រកាសជាផ្លូវការនៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ នៅប្រទេសព្រុយណេដារូស្សាឡាម លោក នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាប្រធានប្តូរវេទទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៨ នៅទីក្រុងភ្នំពេញ ២០២៧។ បន្ថែមពីលើនេះ កម្ពុជាក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (Asia Media Summit) លើកទី២០ នៅខេត្តសៀមរាប នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

ការប្រកាសនេះធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រី និងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដោយលោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យសារព័ត៌មាន និងសោតទស្សន៍។


ដើម្បីអបអរសាទរក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានបង្ហាញវីដេអូផ្សព្វផ្សាយពីកម្ពុជាចំនួនពីរ ដោយវីដេអូទីមួយបង្ហាញពីភាពស្រស់ស្អាតនៃរាជធានីភ្នំពេញជាទីក្រុងម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៨ នៅឆ្នាំ២០២៧ និងវីដេអូមួយទៀតបង្ហាញសម្រស់នៃខេត្តសៀមរាបដែលជាកន្លែងសម្រាប់កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ការអភិវឌ្ឍទំនើប និងការត្រៀមខ្លួនជាស្រេចសម្រាប់គណៈប្រតិភូក្នុងតំបន់ នៅខែកក្កដា នៅឆ្នាំ២០២៥នេះ។

សេចក្តីប្រកាសទាំងពីរនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយអ្នកចូលរួមជាច្រើនបានសម្តែងការគាំទ្រចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៕






